ព័ត៌មានជាតិ

ផ្តន្ទាទោស បុរសចិនម្នាក់ ជាប់គុក១០ ឆ្នាំ ពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងញៀន ឆ្លងដែន ពីអាហ្វ្រិកខាងត្បូង ចូលមកកម្ពុជា

ភ្នំពេញ : សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២២ នេះ បានប្រកាសសាកលក្រម ផ្តន្ទាទោស ជនជាប់ចោទជនជាតិចិនម្នាក់ ដាក់ពន្ធនាគារ កំណត់ ១០ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ៣០លានរៀល ដាក់ចូលក្នុងថវិការដ្ឋ ជាប់ពាក់ព័ន្ធនឹងការ ដឹកជញ្ជូន និង ជួញដូរគ្រឿងឆ្លងដែន ចំនួនជិត៥គីឡូក្រាម ប្រព្រឹត្តនៅក្នុងចំណុចអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ កាលពីអំឡុង ឆ្នាំ២០២១ ។

លោកស្រី ឈុន ដាវី ប្រធានក្រុមប្រឹក្សា ជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ជនជាប់ចោទខាងលើមាន ៖ ឈ្មោះ ZHANG ZHI QIANG ភេទប្រុស ជនជាតិចិន អាយុ៣២ឆ្នាំ ។

លោកស្រីចៅក្រម បានថ្លែងថា ជនជាប់ចោទឈ្មោះ ZHANG ZHI QIANG ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ: «ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន» តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ជនជាប់ចោទ ឈ្មោះ ZHANG ZHI QIANG ត្រូវបានចាប់ឃាត់ខ្លួន ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នៅក្នុងចំណុច ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ដកហូតបាន គ្រឿងញៀន ប្រភេទ កេតាមីន(KETAMIE) ចំនួន ៦០ដប ទម្ងន់ ១៣៤.២០ក្រាម សរុប ៥ គីឡូក្រាម ៕

ដោយៈ លីហ្សា

To Top