ព័ត៌មានជាតិ

លោក ប៉ាន សូរស័ក្ដិ៖ ដើម្បីទប់កូវីដ កម្ពុជាចាត់ទុកសេដ្ឋកិច្ច ក្នុងវិស័យឌីជីថល ជាប្រភពកំណើនថ្មី សម្រាប់វិស័យផ្សេងទៀត

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ដើម្បីទប់ទល់នឹងវិបត្តិកូវីដ-១៩ និងចាប់យកនូវកាលានុវត្តភាព រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកសេដ្ឋកិច្ចក្នុងវិស័យឌីជីថល ជាប្រភពកំណើនថ្មី និងអាចជួយជំរុញបង្កើនផលិតភាព សម្រាប់វិស័យផ្សេងៗទៀត ។

កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ បានចូលរួមកិច្ចពិភាក្សាក្រោមប្រធានបទ ពាណិជ្ជកម្មសេវាក្នុងវិស័យឌីជីថល ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស។

ក្នុងឱកាសនោះលោករដ្ឋមន្ដ្រី បានថ្លែងការចំណាប់អារម្មណ៍លើការ កើនឡើងយ៉ាងឆាប់រហ័សនៃ ពាណិជ្ជកម្មសេវាក្នុងវិស័យឌីជីថល នៅជុំវិញពិភពលោក ជាពិសេសក្នុងអំឡុងពេលជំងឺរីករាលដាលកូវីដ-១៩។

លោកបន្ថែមថា ក្នុងវត្ថុបំណងជំរុញនវានុវត្តន៍ និងការបើកចំហពាណិជ្ជកម្មសេវាក្នុងវិស័យឌីជីថល រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, អនុវត្តគោលនយោបាយ រដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥, អនុវត្តក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥, អនុវត្តក្របខណ្ឌនិងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣, បង្កើតបញ្ជរតែមួយជាតិ និងអាស៊ាន, បង្កើតច្រកផ្លាស់ប្ដូរទិន្នន័យ និងព័ត៌មានរវាងរដ្ឋាភិបាល និងវិស័យឯកជន (ឧ. CAMDX), ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ ដើម្បីគាំទ្រប្រតិបត្តិការហិរញ្ញវត្ថុ, បង្កើតផ្សារអេឡិចត្រូនិក សម្រាប់ទំនិញនិងសេវាកម្ម (ឧ. Go4eCam)។ ទន្ទឹមនឹងនេះ រដ្ឋមន្ដ្រីក៏បានលើកឡើង ពីបញ្ហាប្រឈមមួយចំនួន របស់កម្ពុជាផងដែរ ដូចជា ក្របខណ្ឌច្បាប់គតិយុត្ត, យន្ដការសម្រាប់ការអនុវត្ត និងសម្របសម្រួល fintech និងការបង្កើតផែនទីបង្ហាញផ្លូវ នៃគោលនយោបាយ fintech។

លោករដ្ឋមន្ដ្រីគូសបញ្ជាក់ថា ការធ្វើបរិវត្តកម្មឌីជីថល គឺជាការទាញយកប្រយោជន៍ជាអតិបរមា ពីការរីកចម្រើន នៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងច្ចេកវិទ្យាឌីជីថល ក្នុងគោលបំណងបង្កើតសមត្ថភាព ផលិតកម្មក្នុងវិស័យសេវា និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គម ដែលប្រជាពលរដ្ឋ អាចទទួលបាននូវផលប្រយោជន៍ ពីការប្រើប្រាស់សេវាឌីជីថល ប្រកបដោយបរិយាប័ន្ន ភាពទុកចិត្ត និងសុវត្ថិភាពខ្ពស់ ដោយរក្សាបានូវអត្តសញ្ញាណ និងវប្បធម៌ជាតិខ្លួន ៕

To Top