ភ្នំពេញ៖ លោក លាន អាហ្រ្វីលគីនីន ដែលទស្សនិកជនបានដឹង យ៉ាងច្បាស់ថាកំពុងសោយសុខ នៅលើគំនរទ្រព្យសម្បត្តិ និងមានងារជាឧកញ៉ាផងនោះ ស្រាប់តែមួយរយៈធំចុងក្រោយនេះ ឃើញមានរឿងរកាំរកូស ចម្រូងចម្រាស់ជាច្រើន សូម្បីតែប្រពន្ធក៏ត្រូវបែកបាក់ វិបត្តិហិរញ្ញវត្ថុក៏ចាប់ផ្ដើមកើតឡើង រហូតមានអ្នកបង្ហោះរូបថតលោក ឱ្យចូលខ្លួនដោះស្រាយបំណុលជាហូរហែរ ។
តួយ៉ាងថ្មីៗនេះ មានម្ចាស់គណនីហ្វេសប៊ុកមួយ បានបង្ហោះសារ ព្រមទាំងរូបថតអតីតពិធីករល្បីឈ្មោះខាងលើនេះ ដើម្បីឱ្យចូលខ្លួនដោះស្រាយបំណុល ដោយ លាន អាហ្រ្វីលគីនីន បានជំពាក់ ហើយថែមទាំងចេញសែកស្អុយទៀតផង ។
ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះ Sekhari Be បានបង្ហោះសារបង្កឱ្យមានការចាប់អារម្មណ៍ នៅលើបណ្ដាញសង្គមយ៉ាងដូច្នេះថា «សូមជូនដំណឹងដល់ឈ្មោះ លាន អាហ្រ្វីលគីនីន ចូលខ្លួនមកដោះស្រាយបំណុល ដែលជំពាក់ខ្ញុំ ដោយហេតុថា បុគ្គលខាងលើ បានចេញសែកអត់លុយ ហើយសន្យាម្ដងជាពីរដង តែមិនដែលចូលខ្លួន មកជួបដើម្បីដោះស្រាយបំណុលនោះទេ» ។
ជាងនេះទៅទៀត ម្ចាស់គណនីហ្វេសប៊ុកខាងលើ ថែមទាំងបានបញ្ជាក់ចុងក្រោយថា «បើលោកនៅតែមិនចូលខ្លួន មកដោះស្រាយទៀតនោះ ខ្ញុំនឹងដាក់ពាក្យបណ្ដឹង ទៅផ្នែកព្រហ្មទណ្ឌ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន» ។
គួរឱ្យដឹងផងដែរថា លោក លាន អាហ្រ្វីលគីនីន បានទទួលគោរម្យ ងារនេះ កាល ពីចុងឆ្នាំ២០១៩ ក្រោយពីជោគជ័យទៅលើមុខជំនួញ ។ មួយរយៈចុងក្រោយនេះ លោកបានលែងលះជាមួយ ប្រពន្ធអ្នកនាង កែវ វរល័ក្ខ ដាច់ស្រឡះហើយ និងកំពុងផ្ដើមស្នេហាជាមួយនារីអ្នកលក់អនឡាញម្នាក់ ។
ប៉ុន្តែអ្វីដែលចាប់អារម្មណ៍នោះ គឹមិនមែនជាលើកទីមួយឡើយ សម្រាប់ លាន អាហ្រ្វីលគីនីន ដែលមានអ្នកបង្ហោះសារទាមទារ ឱ្យចូលខ្លួនដោះស្រាយបំណុល ៕ ដោយ៖ ម៉ានី