ព័ត៌មានជាតិ

ប្រធានគណបក្ស CPP ខេត្តកំពង់ចាម ដាក់ចេញនូវយុទ្ធសាស្ត្រនានា ជូនដល់សមាជិក សមាជិកា ក្នុងការស្វែងរក ការគាំទ្រពីប្រជាពលរដ្ឋ

កំពង់ចាម ៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងពិធីសំណេះសំណាល ជាមួយនឹងសមាជិក សមាជិកា និងសកម្មជន នៃគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ប្រមាណជាង៥០០នាក់ នៅវត្តបុទមរតនៈដីដុះ ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្ត បានដាក់ចេញនូវយុទ្ធសាស្ត្រនានា ជូនដល់សមាជិក សមាជិកា និងសកម្មជន ក្នុងការចុះធ្វើសកម្មភាព ស្វែងរកការគាំទ្រ ពីប្រជាពលរដ្ឋដឺលជាម្ចាស់ឆ្នោត។ 

ក្នុងជំនួបសំណេះសំណាលនោះ លោក អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានណែនាំឱ្យសកម្មជន និងយុវជនបក្សចុះទៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីសួរសុខទុក្ខ ក៏ដូចជាការឲ្យពួកគាត់ត្រៀមឯកសារពាក់ព័ន្ធនានា ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

លោកប្រធានគណបក្សខេត្ត បានយកឱកាសនោះ ថ្លែងអំណរគុណដល់សមាជិក សមាជិកាគ្រប់រូប ដែលបានជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា និងបានគាំទ្រ ក៏ដូចជាបានអញ្ជើញទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជារហូតមក។  

ទន្ទឹមនឹងនោះដែរ លោក អ៊ុន ចាន់ដា បានលើកឡើងអំពីសមិទ្ធផលធំៗ ដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានរហូតមកដល់ពេលនេះ ដែលបានធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនឥតឈប់ឈរ លើគ្រប់វិស័យគួរជាទីមោទនៈ ដូច្នេះយើងគ្រប់គ្នាត្រូវរួមគ្នា ថែរក្សាឲ្យបានគង់វង្សនូវសុខសន្តិភាព ដែលរកបានដោយលំបាក ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ។

លោក អ៊ុន ចាន់ដា ក៏បានស្នើឲ្យបេក្ខជន ក្រុមប្រឹក្សាក្នុងឃុំ សង្កាត់ ទាំងអស់ខិតខំបម្រើប្រជាពលរដ្ឋ ឱ្យបានកាន់តែសកម្ម និងល្អប្រសើរថែមទៀត សម្រាប់ភាពសុខសាន្ត និងភាពរីកចម្រើនក្នុងមូលដ្ឋានរបស់ខ្លួន និងបានស្នើឲ្យមានការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន និងសម្បូររុងរឿងបន្ថែមទៀត៕

To Top