ព័ត៌មានជាតិ

តុលាការជំនុំជម្រះ អតីតប្រធានគណបក្សខ្មែរក្រោក និង គូកន ជាប់ពាក់ព័ន្ធនឹងការប្លន់ នៅផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី កាលពីឆ្នាំមុន (Video)

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ បានបើកការជំនុំចម្រះលើសំណុំរឿង អតីតប្រធានគណបក្សខ្មែរក្រោក និងបក្ខពួក ចំនួន ៤នាក់ ទៀត ជាប់ពាក់ព័ន្ធនឹងករណីប្លន់ អ្នកលក់តាមឡេអនឡាញល្បីឈ្មោះ អ៊ាន សៀវម៉ី ប្រព្រឹត យប់ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ ស្ថិតនៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សវនាការនេះ ដឹកនាំដោយ លោកស្រី ឈុន ដាវី ជាប្រធានក្រុមប្រឹក្សា, លោក កេត សុជាតិ និងលោក ធាម ចន្ទពិសិដ្ឋ ជាចៅក្រមប្រឹក្សា និងលោក សេង ហៀង ជាតំណាងអយ្យការ។

លោកស្រីចៅក្រម ឈុន ដាវី បានថ្លែងអោយដឹងនៅក្នុងសវនាការថា នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ មានជនជាប់ចោទ ចំនួន ៤នាក់ មានឈ្មោះ ៖ ទី ១-ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ សុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាមគ័ង ( William Guang) ភេទ ប្រុស អាយុ ៤៤ ឆ្នាំ មុខរបរ ប្រធាន គណបក្សខ្មែរ ក្រោក និងជាមេខ្លោងចោរប្លន់ផ្ទះ អ្នកលក់ឡេ តាមអនឡាញ អ៊ាន សៀវ ម៉ី មានស្រុកកំណើតនៅ ខេត្តព្រះត្រពាំងកម្ពុជា ក្រោមមានអាសយដ្ឋាន ស្នាក់នៅបុរីប៉េងហួតផ្ទះលេខ ៨ ផ្លូវលេខ ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ អោ រ៉ាម៉ន ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរអ្នកបើករថយន្ត មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ទី៣-ឈ្មោះ សុវណ្ណ រ៉ានុត ភេទប្រុស អាយុ ២៦ ឆ្នាំ ស្នាក់នៅបុរីប៉េងហួត ផ្ទះលេខ ៨ ផ្លូវលេខ ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។ និងទី ៤-ឈ្មោះ សុវណ្ណ ស្រីសុរិយោ ព័ណ ភេទស្រី អាយុ ២៤ ឆ្នាំ ( ត្រូវជាប្រពន្ធវិល្លាមគ័ង ) មុខរបរ លក់ដូរស្នាក់នៅបុរីប៉េងហួត ផ្ទះលេខ ៨ ផ្លូវលេខ ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនជាប់ចោទទាំង៤នាក់ ត្រូវបានតំណាងអយ្យការចោទប្រកាន់ ពីបទ: «លួចមានស្ថានទម្ងន់ទោស, ប្រើប្រាស់អាវុធ ដោយគ្មានការអនុញ្ញាត និង ក្លែងឯកសារសាធារណៈ» និងត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២១។

គួរបញ្ជាក់ថា នាពេលសវនាការ ជនជាប់ចោទ ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang បានឆ្លើយសារភាព អំពីសកម្មភាពរបស់គាត់ ហូរហែរ ដូចគាត់ធ្លាប់ បានឆ្លើយសារភាព នៅដំណាក់ការ កងរាជអាវុធហត្ថ កន្លងមក។

សាលាដំបូងរាជធានីភ្នំពេញ នឹងបន្តសវនាការ សំណុំរឿងក្តីនេះ នៅថ្ងៃទី ៩ ខែ មិថុនា ២០២២ ខាងមុខនេះទៀត៕

ដោយៈ លីហ្សា

To Top