ព័ត៌មានជាតិ

សម្ដេច ស ខេង ប្រាប់EU ថា មកដល់ពេលនេះ មិនមានព័ត៌មាន នៃអំពើហិង្សា ណាមួយកើតឡើង ក្នុងដំណើរការ​ ឃោសនាបោះឆ្នោត (Video)

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់សហភាពអឺរ៉ុប (EU) ថា គិតមកដល់ពេលនេះ មិនមានព័ត៌មាននៃអំពើហិង្សាណាមួយ កើតឡើងនោះទេ ក្នុងដំណើរការឃោសនា​ បោះឆ្នោតឃុំ-សង្កាត់ ហើលយគណបក្សនយោបាយ ក៏ធ្វើសកម្មភាពកំណត់​ ដោយច្បាប់ផងដែរ។

ក្នុងជំនួបពិភាក្សាការងារជាមួយ ប្រតិភូនៃអគ្គរដ្ឋទូតសហភាពអឺរ៉ុបចំនួន ៤ប្រទេស ដឹកនាំដោយលោកស្រី ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា នាថ្ងៃទី២៦ ឧសភា សម្ដេច ស ខេង បានឲ្យដឹងថា ក្រុមប្រឹក្សាដែលកើតចេញ ពីការបោះឆ្នោតនេះ ក៏ត្រូវធ្វើគណនេយ្យភាព ជាមួយប្រជាពលរដ្ឋម្ចាស់ឆ្នោត នៅមូលដ្ឋាន និងធ្វើគណនេយ្យភាព ជាមួយរាជរដ្ឋាភិបាលផងដែរ។

ចំពោះការវាយតម្លៃជារួមលើការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់នេះ សម្ដេច បានបង្ហាញក្ដីរីករាយដោយឃើញ នូវវឌ្ឍនភាពពីការបោះឆ្នោតមួយ ទៅការបោះឆ្នោតមួយឃើញថា ប្រជាពលរដ្ឋកាន់តែមានការគាំទ្រ ទៅលើការបោះឆ្នោតថ្នាក់មូលដ្ឋាននេះ ខណៈពីការបោះឆ្នោតមួយ ទៅការបោះឆ្នោតមួយនោះដែរ ប្រជាពលរដ្ឋក៏មានការយល់ដឹងកាន់តែច្រើន។

សម្ដេច បញ្ជាក់ថា “គិតមកដល់ពេលនេះ មិនមានព័ត៌មាន នៃអំពើហិង្សាណាមួយ កើតឡើងនោះទេ ហើយបណ្ដាគណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតនេះ ក៏បានធ្វើសកម្មភាព តាមអ្វីដែលបានកំណត់ដោយច្បាប់ ពោលគឺជារួមឃើញថា មានការវិវត្តល្អប្រសើរ”។

សម្ដេច ក៏បង្ហាញសេចក្ដីសង្ឃឹមជឿជាក់ថា ថ្ងៃបោះឆ្នោតខាងមុខ ក៏នឹងមិនមានបញ្ហាអ្វីកើតឡើង នាំដល់ការរំខានការបោះឆ្នោតនោះដែរ ដោយសម្ដេចសង្ឃឹមថា ដំណើរការល្អនៃការបោះឆ្នោតនេះ ក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញ នូវការអនុវត្តស្របតាមអ្វី ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ គឺលទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្សនៅកម្ពុជា។

សម្តេច ស ខេង បានលើកឡើងថា ពាក់ព័ន្ធនឹងតួនាទីក្រសួងមហាផ្ទៃ ក្នុងដំណើរការរៀបចំការបោះឆ្នោតនេះ កិច្ចការសំខាន់គឺពាក់ព័ន្ធទៅនឹង បញ្ហាសន្តិសុខ ដែលក្រសួងមហាផ្ទៃ សហការជាមួយ គ.ជ.ប រៀបចំផែនការ ដើម្បីការពារសុវត្ថិភាព សំដៅធ្វើយ៉ាងណា បង្កលក្ខណៈឲ្យការបោះឆ្នោតប្រព្រឹត្តទៅ ក្នុងបរិយាកាសសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយចំពោះបញ្ហាអ្វីផ្សេងទៀត គឺស្ថិតក្នុងសមត្ថកិច្ចដោះស្រាយរបស់ គ.ជ.ប ដែលជាស្ថាប័នមានសមត្ថកិច្ច ក្នុងការពិនិត្យទៅលើបញ្ហាផ្សេងៗ ដែលកើតមានពាក់ព័ន្ធនឹងការបោះឆ្នោត៕

To Top