ព័ត៌មានជាតិ

គម្រោងស្ថាបនា ផ្លូវក្រវាត់ក្រុងទី៣ រហូតមកទល់ពេលនេះ សម្រេចបាន៧៣%

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា វឌ្ឍនភាពការងារនៃគម្រោងស្ថាបនា ផ្លូវក្រវាត់ក្រុងទី៣ គិតរហូតមកទល់ពេលនេះ សម្រេចបាន៧៣,៧០% ហើយ គ្រោងនឹងបញ្ចប់ការស្ថាបនា ជាស្ថាពរនៅមុនខែកញ្ញា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍ អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ បានឲ្យដឹងថា “វឌ្ឍនភាពការងារ នៃគម្រោងស្ថាបនា ផ្លូវក្រវាត់ក្រុងទី៣ គិតរហូតមកទល់ពេលនេះ សម្រេចបាន ៧៣,៧០% ហើយ នៅសល់តែការងារ ដូរទំហំការងារស្ពាន នៅប្រឡាយ៩៤ និងប្រឡាយ៩៦ ការងារស្ពានរំលងត្រង់ផ្លូវជាតិលេខ៤ ការងារផ្លូវគីឡូម៉ែត្រ ០+០០ ដល់គីឡូម៉ែត្រ ៤+៩០០ ជាដើម ហើយគម្រោងនេះគ្រោងនឹងបញ្ចប់ ការស្ថាបនាជាស្ថាពរនៅមុនខែកញ្ញា ឆ្នាំ២០២៣ខាងមុខ”។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា នាថ្ងៃទី២៦ ឧសភា លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំ ក្រុមការងារបច្ចេកទេសចម្រុះ ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ សាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដើម្បីពិនិត្យវឌ្ឍនភាព ការងារគម្រោងដែលកំពុងស្ថាបនា។

ការចុះត្រួតពិនិត្យនេះ ក៏ដើម្បីផ្តល់ធាតុចូល ដល់ក្រុមការងាររៀបចំ អភិវឌ្ឍមុខងារត្រួតពិនិត្យគុណភាពផ្លូវ (Road Care Supervision) បន្ថែមលើកម្មវិធីថែទាំផ្លូវ (Road Care Mobile App) ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន៕

To Top