ព័ត៌មានជាតិ

លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ យល់ឃើញថា បញ្ហាបន្ទប់ពិសោធន៍វេជ្ជសាស្រ្ត និងបញ្ហាសុខភាព ជារឿងសំខាន់និងចាំបាច់បំផុត (Video)

ភ្នំពេញ៖ ក្នុងវេទិកាតុមូលស្តីពី «បន្ទប់ពិសោធន៍វេជ្ជសាស្រ្ត និងបញ្ហាសុខភាពសាធារណៈ» នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ បានលើកឡើងថា បញ្ហាបន្ទប់ពិសោធន៍ជីវិសាស្រ្ត និងបញ្ហាសុខភាពនេះ ជារឿងសំខាន់ និងចាំបាច់បំផុត ដែលត្រូវឲ្យមានការ យកចិត្តទុកខ្ពស់ ក្នុងការគ្រប់គ្រងឲ្យបានម៉ត់ចត់ ។

លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ បានមានប្រសាសន៍ថា បញ្ហាបន្ទប់ពិសោធន៍វេជ្ជសាស្រ្ត និងបញ្ហាសុខភាព ជារឿងសំខាន់និងចាំបាច់បំផុត ដែលត្រូវមានការយកចិត្តទុកខ្ពស់ ក្នុងការគ្រប់គ្រងឲ្យបានម៉ត់ចត់ ។ ពិតណាស់ថា វាបានចូលរួមចំណែក ក្នុងការលើកស្ទួយ ក្នុងវិស័យវេជ្ជសាស្រ្ត ប៉ុន្តែក៏បង្កវិនាសកម្មធំ និងគ្រោះមហន្តរាយមួយដែលមិនអាចព្យាករផងដែរ នូវផលវិបាក កាលបើគេមិនអាចគ្រប់គ្រង ឲ្យបានល្អប្រសើរទេនោះ។

លោកមានប្រសាសន៍បន្ថែម ដោយបានសម្តែងក្តីកង្វល់ ជុំវិញផលវិបាក ដែលកើតមាន ជាហូរហែតួយ៉ាង ដូចជាជំងឺកូវីដ១៩ ដែលពិភពលោក កំពុងរងការគំរាមកំហែង ដល់អាយុជីវិតមនុស្ស និងផលប៉ះពាល់ដល់សេដ្ឋកិច្ច សង្គមថែមទៀតផង ហើយមិនតែប៉ុណ្ណោះទៀតសោត ការលេចចេញជំងឺអុតស្វាថ្មី ពិតជាបង្កឲ្យមានការព្រួយថ្មីមួយបន្ថែមទៀត បន្ថែមពីលើជំងឺកូវីដ១៩ ដែលមិនទាន់បានស្រាក់ស្រាន្តនៅឡើយ។

ជាមួយគ្នានោះ លោក សយ សុភាព ប្រធានសសកច ក៏បានលើកឡើងផងដែរថា ក្នុងនាមសសកច បានខិតខំប្រឹងប្រែងក្នុងរុករកនូវប្រធានបទថ្មីៗ និងបច្ចុប្បន្នភាព ដើម្បីអញ្ជើញវាគ្មិន មកចូលរួមបកស្រាយ ជូនសាធារណជន ឲ្យបានជ្រាប ហើយជាពិសេសប្រធានបទថ្មីនេះ សង្ឃឹមថា នឹងចូលរួមចំណែកក្នុងលើកកម្ពស់ការយល់ដឹងបន្ថែម ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងប្រទេសកម្ពុជា។

ក្នុងវេទិកាតុមូលនេះដែរ លោក លីវ ស៊ាវគ័ង អនុប្រធានសសកច បានសម្តែងចំណាប់អារម្មណ៍របស់លោកថា ចាប់តាំងពីឆ្នាំ២០២០មក ពិភពលោកទាំងមូល បានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយការរាតត្បាតនៃជំងឺកូវីដ១៩ បណ្តាលឲ្យបាត់បង់ជីវិតមនុស្ស និងទ្រព្យសម្បត្តិយ៉ាងច្រើន។ នៅពេលមេរោគថ្មីៗ នៅតែបន្តបំលែងខ្លួនឥតឈប់ឈរ មនុស្សកាន់តែភ័យខ្លាច ថាតើនឹងមានមេរោគផ្សេងទៀត ដែលនឹងបង្កគ្រោះថ្នាក់ ដល់សុខភាព មនុស្សដែរឬទេ? ហើយវាពិតជាពិបាក សម្រាប់មនុស្សក្នុងការរកវិធានការ បង្ការនិងទប់ស្កាត់។ ជាឧទាហរណ៍ ការផ្ទុះឡើង នៃមេរោគជំងឺអុតស្វាយក្នុងប្រទេសជាច្រើន នៅអឺរ៉ុប និងអាមេរិកនាពេលថ្មីៗនេះ កំពុងបង្កឲ្យមានការប្រុងប្រយ័ត្នជាសកល និងការព្រួយបារម្ភ អំពីការរីករាលដាល នៃជំងឺប្រភេទនេះ ។

គួរឲ្យដឹងផងដែរថា សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច-CCJA) នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានរៀបវេទិកាតុមូល ស្តីបន្ទប់ពិសោធន៍ជីវសាស្រ្តនៅអាស៊ី និងបញ្ហាសុខភាពសាធារណៈ ដោយមានការអញ្ជើញចូលរួម ពីសំណាក់វាគ្មិនសំខាន់ៗ មានលោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ឯកទេសវិទ្យាសាស្រ្តនយោបាយ លោក សយ សុភាព ប្រធានសសកច លោក លីវ ស៊ាវគ័ង និងសមាជិកគណៈនាយកសសកចផងដែរ ។ វេទិកានេះ ធ្វើឡើងក្នុងគោលបំណង ចែករំលែកទស្សនៈ និងកង្វល់ទាក់ទងនឹងផលប៉ះពាល់ សុខភាពសាធារណៈ ដែលបណ្ដាលមកពីការកកើត នូវមេរោគថ្មីៗ មួយចំនួន ៕

To Top