ព័ត៌មានជាតិ

សម្តេចតេជោ​ បញ្ជាក់ថា ការផ្ទេរតំណែងឲ្យ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ធ្វើឡើងតាមរយៈការបោះឆ្នោត ពុំមានអ្វីត្រូវតិះទៀន

ភ្នំពេញ ៖ ឆ្លើយតបទៅកាន់សហគមន៍អន្តរជាតិ ក៏ដូចជាបញ្ជាក់ ដល់ប្រជាជនកម្ពុជា ឲ្យបានច្បាស់ តាមសំណួរ ដែលភាគីជប៉ុន បានចោទសួរ សម្តេចបានបញ្ជាក់ យ៉ាងច្បាស់ថា សម្តេចមិនទទួលយកជាដាច់ខាត ជុំវិញការតិះទៀនថា សម្តេចផ្ទេរអំណាចដោយចិត្តឯង គឺសម្តេច និងគណបក្ស ប្រជាជនកម្ពុជា ឲ្យលោក ហ៊ុន ម៉ាណែត ធ្វើជានាយរដ្ឋមន្ត្រី តាមរយៈការបោះឆ្នោត ដែលជ្រើសរើស ដោយប្រជាជនកម្ពុជាទូទាំងប្រទេស ។

ការថ្លែងឆ្លើយតបរបស់សម្តេច ជាមួយភាគីជប៉ុន ខាងលើនេះ ធ្វើឡើងនៅក្នុងសន្និសីទអន្តរជាតិ លើកទី២៧ ស្តីពីអនាគតរបស់អាស៊ី នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីភាគីជប៉ុន បានសួរសម្តេចថា “ឆ្នាំមុន កូនច្បងរបស់សម្តេច ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាអ្នកបន្តវេន តើពេលវេលា គាត់ធ្វើជានាយករដ្ឋមន្ត្រីនៅពេលណាដែរ? តើសម្តេចឆ្លើយតប ចំពោះការរិះគន់ អំពីការផ្ទេរអំណាចយ៉ាងណាដែរ?” ។

សម្តេចតេជោ បានមានប្រសាសន៍ថា “ខាងគណបក្សប្រជាជន បានសម្រេចជាផ្លូវការរួចហើយ អំពីអនាគតនៃបេក្ខភាព នាយករដ្ឋមន្ត្រីបន្តវេន ហើយរឿងពេលណានោះ គឺទុកបញ្ហានេះ មួយអន្លើរ នៅពេលការបោះឆ្នោតខាងមុខនេះ ខ្ញុំនៅតែជាបេក្ខជននាយករដ្ឋមន្ត្រី ឯកូនប្រុសរបស់ខ្ញុំ (ឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត) គឺជាបេក្ខជនបន្តវេន ដែលត្រូវទទួលបាននូវការសម្រេច ពីថ្នាក់ដឹកនាំគណបក្ស ប្រជានកម្ពុជា រួចហើយ” ។

ក្នុងនោះសម្តេចបញ្ជាក់ថា “សម្រាប់ពេលវេលា ដូចខ្ញុំបានបញ្ជាក់ គឺនៅពេលណាអាស្រ័យលើ ស្ថានភាពជាក់ស្តែងដែលនឹងត្រូវផ្តល់ ។ នេះសូមបញ្ជាក់អំពីបញ្ហានេះ” ។

បន្ថែមពីលើនេះ ចំពោះការលើកឡើង និងមតិរិះគន់មួយចំនួនដែលថា សម្តេចផ្ទេរតំណែងទៅកាន់លោក ហ៊ុន ម៉ាណែត ដោយចិត្តឯង ត្រូវបានសម្តេចបញ្ជាក់ថា “សម្រាប់អ្នកដែលតិះទៀន សូមអញ្ជើញតិះទៀនបន្តទៀតចុះ យើងខ្ញុំនៅទីនេះ ប្រើប្រាស់ការបោះឆ្នោត បើសិនជាគណបក្សប្រជាជនចាញ់ឆ្នោត វាមិនមែនគ្រាន់តែបាត់ ហ៊ុន ម៉ាណែតទេ គឺបាត់ទាំង ហ៊ុន សែន តែម្តង ។ ដូច្នេះបើប្រើវិធីបោះឆ្នោត វាមានអ្វីដែលខុស ។ ខ្ញុំបណ្តុះបណ្តាលកូនរបស់ខ្ញុំ មិនមែនបណ្តុះបណ្តាល យកមកឲ្យធ្វើមេចោរនោះទេ” ។

សម្តេចតេជោ ក៏បានចោទសួរវិញដែរថា នៅលើពិភពលោកនេះ តើមានឪពុកម្តាយរូបណា ដែលមិនចង់ឃើញកូនៗរបស់ខ្លួន រីកចម្រើនថ្កុងថ្កើនទៅនោះ ហើយអ្វីទាំងអស់នេះ សម្តេចផ្ទាល់ក៏ចង់ឃើញកូនៗរបស់សម្តេច រីកចម្រើនដូចជាឪពុកម្តាយ នៅលើសកលលោកដូចគ្នា ។ ហេតុដូចនេះ ទើបសម្តេចខិតខំ បណ្តុះបណ្តាលកូនៗរបស់សម្តេចឲ្យក្លាយជាបុគ្គលល្អក្នុងសង្គម និងមានកម្រិតវប្បធម៌ និងការអប់រំខ្ពស់ ។

សម្តេចមានប្រសាសន៍ថា “នៅលើពិភពលោក តើមាននរណាចង់ឲ្យកូនខ្លួន មិនចង់ឲ្យមានឲ្យបាន មិនចង់ឲ្យធ្វើអ្នកធំ ។ មានតែការភូតខ្លួនឯងតែប៉ណ្ណោះ បើកូនខ្ញុំមិនសាកសមទេ ប្រហែលទាំងខ្លួនខ្ញុំ ក៏ដូចជាថ្នាក់ដឹកនាំ គណបក្សប្រជាជនផ្សេងទៀត ក៏មិនសម្រេចតែងតាំង ឲ្យធ្វើជាបេក្ខជនបម្រុង បេក្ខជនបន្តវេននោះដែរ ។ ខ្ញុំក៏មិនយល់ព្រមឲ្យកូនរបស់ខ្ញុំ បំផ្លាញគណបក្សប្រជាជន ដែលជាគណបក្សមួយ បានកសាងអាយុច្រើនជាងខ្ញុំទៅទៀត ។ បក្សនេះបានធ្វើសកម្មភាពច្រើនណាស់ ដូច្នេះអ្នកដទៃ ប្រឹងប្រែង ដើម្បីឲ្យកូនខ្លួនឯងឡើងធំ ឲ្យខ្លួនឯងធ្វើការនេះ ធ្វើការនោះ ហេតុអ្វីខ្ញុំគ្មានសិទ្ធិ ដើម្បីនឹងគាំទ្រកូនខ្លួនឯង ឲ្យកាន់តំណែងនេះតំណែងនោះ” ។

សម្តេចបន្ថែមទៀតថា “ការបន្តវេន ឬមិនបន្តវេន វាចំណុះទៅលើបញ្ហាប្រជាជន បោះឆ្នោតឲ្យឬអត់ បើសិនប្រជាជនបោះឆ្នោតឲ្យគឺបញ្ហានេះ វាមិនមែនជាបញ្ហាការ ផ្ទេរតំណែង ដោយចិត្តឯងនោះទេ គឺប្រជាជន ជាអ្នកគាំទ្រ អីចឹង នៅពេលបោះឆ្នោតខាងមុខ បើប្រជាជន បោះឆ្នោតឲ្យគណបក្ស ប្រជាជន ដែលមាន ហ៊ុន សែន ធ្វើជាបេក្ខជន នាយករដ្ឋមន្ត្រី ហើយមាន ហ៊ុន ម៉ាណែត ធ្វើជាបេក្ខជនបន្តវេន គឺបានសេចក្តីថា ប្រជាជនយល់ស្រប ឲ្យគណបក្សប្រជាជនដឹកនាំ ហើយដឹកនាំដោយ ហ៊ុន សែន បន្តទៅដឹកនាំដោយ ហ៊ុន ម៉ាណែត វាជារឿងធម្មតា” ។

គួរឲ្យដឹងថា នៅក្នុងតំបន់អាស៊ីនេះ មានប្រទេសសិង្ហបុរី ដែលបន្ទាប់ពីឪពុកជានាយករដ្ឋមន្ត្រី ហើយត្រូវបានបោះឆ្នោតឲ្យកូនបន្តធ្វើជានាយករដ្ឋមន្ត្រី រូបភាពបែបនេះ បានកើតឡើងរួចទៅហើយ មិនមែនមានតែកម្ពុជានោះទេ សូម្បីតែនៅសហរដ្ឋអាមេរិក ក៏មានអតីតប្រធានាធិបតី លោកGeorge H.W.Bush និង មានកូនបានធ្វើជាប្រធានាធិបតី ចំនួនពីរអាណត្តិជាប់គ្នាផងដែរ ។ ក្នុងនោះនៅជប៉ុន ក៏មានចៅអតីតប្រធានាធិបតី បានក្លាយទៅជា ប្រធានាធិបតីដែរ មិនត្រឹមតែប៉ុណ្ណោះហ្វីលីពីន ក៏មានសាច់សាលោហិត អតីតប្រធានាធិបតី បានក្លាយជាប្រធានាធិបតី បច្ចុប្បន្នផងដែរ ៕

To Top