ភ្នំពេញ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃរសៀលថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២២ បានសម្រេចឃុំខ្លួន បុរសត្រូវចោទ ម្នាក់ ជាមន្ត្រីរាជការម្នាក់ និង បានបញ្ជូន ខ្លួនគាត់ទៅស្នាក់នៅក្នុងពន្ធនាគារ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំដោះស្រាយ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងសង្ស័យថា គាត់បានឆបោក និង ក្លែងបន្លំឯកសារសាធារណៈ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពី ២០២០ ។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់ ចៅក្រមស៊ើបសួរបានឱ្យដឹងថា ជនត្រូវចោទ រូបនេះ ឈ្មោះ ខ័ន្ធ សោភ័ណ ភេទ ប្រុស អាយុ ៥៨ ឆ្នាំ មុខរបរជាមន្ត្រីរាជការ មានទីលំនៅផ្ទះលេខ១៤២E២ ផ្លូវលេខ១៩ ស្ថិតក្នុងភូមិ៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ឈ្មោះ ខន្ឌ សោភ័ណ ត្រូវបានតំណាងអយ្យការចោទអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ « ឆបោក និង ក្លែងបន្លំឯកសារសាធារណៈ » តាម មាត្រា ៣៧៧ មាត្រា ៣៧៨ និង មាត្រា ៦២៩ នៃ ក្រមព្រហ្មទណ្ឌ ។
គាត់អាចប្រឈមនឹងការជាប់ពន្ធនាគារ យ៉ាងតិច ៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពិរុទ្ឌភាព ដូចការចោទប្រកាន់ខាងលើនេះ។
ជនត្រូវចោទ ត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ តុលាការ កាលពីថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២០៕
ដោយ: លីហ្សា