ភ្នំពេញ៖ សមត្ថកិច្ចកងរាជអាវុធហត្ថ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានឃាត់អ្នកជំនួញ ជាជនជាតិចិនម្នាក់ និងបានបញ្ជូនខ្លួន ទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និងសម្រេចតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងបទល្មើស ធ្វើឲ្យខូចខាតដោយចេតនា និងបទរំលោភលើទំនុកចិត្ត លើអ្នកដទៃ ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ២០២១។
យោងតាមរបាយការណ៍របស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យ ចិនរូបនេះ មានឈ្មោះ CHEN HSIN HUNG ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរអ្នកជំនួញ ស្នាក់នៅផ្ទះលេខ៤៤ ផ្លូវ៥៧ កែងផ្លូវលេខ៣៣៤ សង្កាត់ បឹង កេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនសង្ស័យត្រូវបាន សមត្ថកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន តាមដីកាបញ្ជាឲ្យ ចូលខ្លួនរបស់ លោកព្រះរាជអាជ្ញារង មុត ដារ៉ា នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ៕
ដោយ: លីហ្សា