ភ្នំពេញ ៖ ខណៈសល់៣ថ្ងៃទៀត ជាថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាច បានលើកឡើងជាថ្មីម្តងទៀត ដោយដាក់ការទស្សន៍ទាយ ទុកជាមុនថា គណបក្សភ្លើងទៀន មានសង្ឃឹមថា នឹងរលាយដូចឪវា ។ ន័យរបស់ លោក សុខ ឥសាន “រលាយ ដូចឪវា” នោះ សំដៅដល់អតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការ រំលាយចោលកាលពីចុងឆ្នាំ២០១៧ ។ គណបក្សភ្លើងទៀននេះ កើតចេញពីអតីតគណបក្សសមរង្ស៊ី ដោយមានអតីតមន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្ស សង្រ្គោះជាតិបានមកចូលរួមដើម្បីធ្វើសកម្មភាពដណ្តើមសន្លឹកឆ្នោតកាលពីចុងឆ្នាំ២០២១ ។
ការដាក់ទំនាយបែបទទស្សន៍ទាយជាថ្មីទៀតនេះ ធ្វើឡើងចំពេលយុទ្ធនាការឃោសនារកសំឡេង ឆ្នោតសម្រាប់ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ដែលឈានចូលមកដល់ថ្ងៃទី១១ (២១ឧសភា ដល់៣មិថុនា) ខណៈ៣ថ្ងៃទៀតនឹងដល់ថ្ងៃបញ្ចប់ ហើយត្រៀមបោះឆ្នោតនៅថ្ងៃ៥ មិថុនា ។ មុនយុទ្ធនាការឃោសនាបោះឆ្នោត លោក សុខ ឥសាន ក៏បានលើកឡើងថា បក្សភ្លើងទៀននេះ នឹងរលត់មុនការបោះឆ្នោតថ្នាក់ជាតិផងដែរ ។
លោក សុខ ឥសាន តាមរយៈបណ្តាញតេឡេក្រាម នាថ្ងៃ៣១ ឧសភានេះ បានលើកឡើងបែបជាន់ពន្លិចថា “ភ្លើងទៀនមានសង្ឃឹមរលាយដូចឱវា ដោយសារបានប្រព្រឹត្តល្មើសច្បាប់ និងគោលការណ៍គ.ជ.ប”។
លោកថា មូលហេតុនៃការប្រព្រឹត្តល្មើសច្បាប់ និងគោលការណ៍គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដោយសារក្នុងរយៈពេលយុទ្ធនាការបោះឆ្នោត ច្បាប់ហាមមិនឲ្យចែកអំណោយ និងលុយកាក់ ។ ប៉ុន្តែក្នុងអំឡុងពេលនេះ លោក គង់ រ៉ៃយ៉ាជាតំណាងគណបក្សភ្លើងទៀន បានផ្តល់ថវិកាជូនគណបក្សឃុំទាំង១១ ស្រុកកងមាស ខេត្តកំពង់ចាម ។
លោក សុខ ឥសាន បន្តទៀតថា ខ្លួនឯងខុសច្បាប់ត្រូវគេប្តឹងតាមនីតិវិធី បែរចោទថា ជាការគាបសង្កត់ខាង នយោបាយ ខណៈការចែកអំណោយក្នុងរយៈពេលយុទ្ធនាការឃោសនាបោះឆ្នោត ត្រូវហាមឃាត់ប៉ុន្តែ ការឧបត្ថម្ភម៉ូតូ គឺជំនួយមនុស្សធម៌ មិនពាក់ព័ន្ធនយោបាយទេ ។
បន្ថែមពីលើនេះ លោកឲ្យដឹងទៀតថា បក្សភ្លើងទៀនបានប្រព្រឹត្តខុសច្បាប់ ទើបមានពាក្យបណ្តឹងទៅគ.ជ.ប ដូច្នេះត្រៀមចាញ់ហើយ ទើបចេះតែស្រែកថា គេគំរាមកំហែងឥតឈប់ តែមិនដាក់ពាក្យប្តឹង។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ លោក គង់ រ៉ៃយ៉ា តំណាងគណបក្សភ្លើងទៀន ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោត ឃុំស្តៅ កោះហៅដើម្បី ដោះស្រាយបណ្តឹងចោទរបស់តំណាងគណបក្សប្រជាជនកម្ពុជា ៕