ព័ត៌មានជាតិ

លោក សេរី កុសល និងក្រុមការងារ ចុះធ្វើយុទ្ធនាការឃោសនា រកសំឡេងឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នៅតាមបណ្តាភូមិឃុំនានា នៃស្រុកភ្នំស្រុក

បន្ទាយមានជ័យ ៖ អ្នកតំណាងរាស្ត្រ មណ្ឌលបន្ទាយមានជ័យ លោក សេរី កុសល និងក្រុមការងារ បានអញ្ជើញ ចុះធ្វើយុទ្ធនាការឃោសនា រកសំឡេងឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នៅតាមបណ្តាភូមិឃុំនានា នៃស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់អាណត្តិទី៥ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០ ២២ខាងមុខនេះ។

គិតត្រឹមព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ គឺមានរយៈពេល៥ថ្ងៃ ជាប់គ្នាហើយ ដែលលោក សេរី កុសល និងក្រុមការងារ បក្សប្រជាជនកម្ពុជា ចុះជួយស្រុកភ្នំស្រុក បានចុះធ្វើយុទ្ធនាការរកសំឡេងឆ្នោត ស្របទៅតាមច្បាប់របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប)។

ពិធីជួបប្រជុំសំណេះសំណាល និងដង្ហែក្បួនឃោសនារកសំឡេងឆ្នោតគ្រប់លើក លោក សេរី កុសល និងក្រុមការងារ បានរៀបចំនូវនំបញ្ចុក នំបុ័ងជូនសមាជិក សមាជិកាបក្ស ហូបរួមគ្នា ក្នុងបរិយាកាសសប្បាយរីករាយ ស្និតស្នាល និងសាមគ្គីភាព ឈានទៅការជ័យជម្នះ ក្នុងការបោះឆ្នោតនាពេលខាងមុខ ។

ក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកាបក្ស លោក សេរី កុសល បានពន្យល់ដល់បងប្អូនពីមូលហេតុសំខាន់ៗ ដែលចាំបាច់ត្រូវបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដោយលើកយកពីសភាពការណ៍អតីតកាល បច្ចុប្បន្ន និងអនាគត មកវែកញែកជូនបងប្អូនបានជ្រួតជ្រាប។

អ្នក តំណាងរាស្រ្តមានប្រសាសន៍ ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សា នូវសុខសន្តិភាពដែលខ្លួនមានសព្វថ្ងៃនេះ ដែលជាការខិតខំប្រឹងប្រែង យ៉ាងលំបាករបស់សម្ដេច តេជោ ហ៊ុន សែន ទម្រាំយកបាននូវសុខសន្ដិភាព មកជូនប្រជាពលរដ្ឋ ដូច្នេះដាច់ខាតកុំជឿលើការញុះញង់របស់ពួកប្រឆាំង។ លោកបានលើកជាឧទាហរណ៍ ចំពោះប្រទេសអ៊ុយក្រែន កំពុងមានសង្គ្រាម ដែលពេលនេះប្រជាជន គ្រប់រូបរបស់អ៊ុយក្រែន ត្រូវការខ្លាំងបំផុត គឺសុខសន្តិភាព ។

លើសពីនេះអ្នកតំណាងរាស្រ្តរូបនេះ បានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកភ្នំស្រុកទាំងអស់ ដែលធ្លាប់ឆ្លងកាត់ការលំបាក់យ៉ាងពិតប្រាកដ ដូច្នេះទើបបានស្គាល់នូវតម្លៃសុខសន្ដិភាព ក្រោមគោលនយោបាយ ឈ្មះ-ឈ្មះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញ និងមួយវិញទៀត គឺការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលប្រទេសជិតខាងមិនអាចធ្វើបាន គឺការរកវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋ ដើម្បីធានានូវសុខភាព ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលអាចឲ្យប្រជាជនអាចជួបជុំ ប្រារព្ធពិធីបុណ្យទានយ៉ាងសប្បាយរីករាយ។

ការបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ គឺបានបិទបញ្ចប់ជាស្ថាពរ នូវពាក្យភូតកុហក របស់អ្នកនយោបាយមួយចំនួន ដែលបានកុហកសកម្មជនរបស់ខ្លួនថាខ្លួននឹងនាំមកវិញនូវមេឃុំជាង៥០០នាក់ ឲ្យមកកាន់តំណែងវិញ ដូច្នេះការបោកប្រាស់ទាំងប៉ុន្មាន របស់អ្នកនយោបាយរូបនោះ ត្រូវបានបកអាក្រាត និងលុបបំបាត់ ដែលបញ្ជាក់ឲ្យសកម្មជនរបស់បក្សរបស់គេបានឃើញ មិនគួរដើរតាមនយោបាយ បោកប្រាស់នេះតទៅទៀតទេ ។

អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ សេរី កុលស បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបោះឆ្នោត ជូនគណបក្សប្រជាជន ដើម្បីបន្តសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច ដែលគ្មានគណបក្សណាផ្សេង អាចជំនួសបានឡើយ៕

To Top