ព័ត៌មានជាតិ

ប្រធានគណបក្ស ប្រជាជនខេត្តកំពង់ចាម ចូលរួមសំណេះសំណាល ជាមួយសមាជិក សមាជិកាបក្ស សង្កាត់កំពង់ចាម

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្ស ប្រជាជនកម្ពុជា ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២២ នេះ បានចូលរួមសំណេះសំណាល ជាមួយសមាជិក សមាជិកាបក្សប្រជាជន សង្កាត់កំពង់ចាម ប្រមាណជា ៥០០ នាក់ ។

ក្នុងឱកាសសំណេះសំណាលនោះ លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា នៅសល់តែរយៈពេល ៥ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ នឹងចូលមកដល់ ដូច្នេះសូមសមាជិកសមាជិកាទាំងអស់ ត្រៀមឯកសារពាក់ព័ន្ធ ដើម្បីទៅចូលរួមបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា កត្តាដែលនាំមកនូវការរីកចម្រើន គឺជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរដ្ឋាភិបាល បានដាក់ចេញនូវការលើកកម្ពស់ លើគ្រប់វិស័យ ទាំងអស់ និង ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើឱ្យទទួលបានជោគជ័យ ។ ដូច្នេះការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺ ជាការនាំមកនូវការ អភិវឌ្ឍន៍បន្តទៀត ពោលគឺលើសពីសមិទ្ធផល ដែលប្រជាពលរដ្ឋ ទទួលបានដូចសព្វថ្ងៃនេះ ។

លោក អ៊ុន ចាន់ដា ក៏បានលើកឡើងអំពីសមិទ្ធផលធំៗ ដែលរាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា សម្រេចបានរហូតមកដល់ពេលនេះ ក្រោមការ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា។

លោកប្រធានគណបក្សខេត្ត បានយកឱកាសនោះ ថ្លែងអំណរគុណដល់សមាជិក សមាជិកាគ្រប់រូប ដែលបានជឿជាក់ មកលើគណបក្ស ប្រជាជនកម្ពុជា និងបានគាំទ្រ ក៏ដូចជាបានអញ្ជើញ ទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា រហូតមក ៕

To Top