ភ្នំពេញ ៖ ក្រុមនិស្សិតនៅសាកលវិទ្យាល័យ វិទ្យាស្ថាននានាទាំងរដ្ឋ និងឯកជន ក្នុងរាជធានីភ្នំពេញ រួមគ្នាគាំទ្រ ឲ្យមានការដំឡើង ពន្ធថ្នាំជក់នៅកម្ពុជា។
ការប្ដេជ្ញាគាំទ្រនេះ ធ្វើឡើងនៅតាមសាកលវិទ្យាល័យជាច្រើន នៅរាជធានីភ្នំពេញ នៅក្នុងកម្មវិធីផ្សព្វផ្សាយពីការហាមឃាត់ ការសហការចាប់ដៃគូរវាង គ្រឹះស្ថានសិក្សា និងក្រុមហ៊ុនថ្នាំជក់ ដែលរៀបចំឡើងដោយក្រសួងអប់រំយុវជន និងកីឡា ។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការ ចលនាដើម្បីសុខភាពកម្ពុជា បានបញ្ជាក់ថា «ការដំឡើងពន្ធលើផលិតផលថ្នាំជក់ ជាយុទ្ធសាស្រ្តឈ្នះ-ឈ្នះ ដែលធ្វើឲ្យកម្ពុជាទទួលបានប្រាក់ចំណូលបន្ថែម ព្រមទាំងអាចកាត់បន្ថយផលប៉ះពាល់ ដែលបណ្ដាលមកពីការប្រើប្រាស់ ផលិតផលថ្នាំជក់ផងដែរ»។
គួរបញ្ជាក់ថា កម្ពុជា មានអត្រាពន្ធថ្នាំជក់ត្រឹមតែ ២៥%-៣១%ប៉ុណ្ណោះ ហើយជាអត្រាពន្ធមួយដែលមានកម្រិតទាបខ្លាំងធៀប នឹងប្រទេសក្នុងតំបន់អាស៊ាន ដូច្នេះការដំឡើងពន្ធថ្នាំ ជក់ពិតជាសំខាន់នៅពេលនេះ ដោយហេតុថាវាជាវិធានការឈ្នះៗ សម្រាប់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា។
លើសពីនេះ កម្ពុជានឹងទទួលចំណូលពន្ធបន្ថែម ២៣៥លានដុល្លារសហរដ្ឋអាមេរិច ក្នុងរយៈពេល៥ឆ្នាំខាងមុខ និង៩៣៣លានដុល្លារសហរដ្ឋអាមេរិច ក្នុងរយៈពេល១៥ឆ្នាំខាងមុខ បើប្រទេសកម្ពុជា ដំឡើងពន្ធលើ ផលិតផលថ្នាំជក់ រហូតដល់៧៥% នៃតំលៃបារីលក់រាយ យោងតាមការសិក្សា របស់ការអង្គការសហប្រជាជាតិ ស្ដីពីការវិនិយោគលើការត្រួតពិនិត្យ ផលិតផលថ្នាំជក់ឆ្នាំ២០១៩ ។ ជាងនេះទៀត ការដំឡើងពន្ធថ្នាំជក់ កាត់បន្ថយអត្រាស្លាប់ ជំងឺ និងពិការភាព ដោយសារការប្រើប្រាស់ផលិតផលថ្នាំជក់ ក្នុងន័យនេះ អាចបញ្ជាក់ថាទុក្ខវេទនារបស់ប្រជាពលរដ្ឋ ក៏បានកាត់បន្ថយ ។
ការដំឡើងពន្ធលើ ផលិតផលថ្នាំជក់ គឺជាបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ ។ ប្រជាពលរដ្ឋកម្ពុជារហូត ដល់ ៩៤% គាំទ្រ អោយមានការដំឡើង ពន្ធលើផលិតផលថ្នាំជក់ (យោងតាមការស្រាវជ្រាវ របស់សាកលវិទ្យាល័យជាតិ មានជ័យនាពេលថ្មីៗនេះ) ។ មិនតែប៉ុណ្ណោះ កម្ពុជាក៏ជារដ្ឋភាគីនៃអនុសញ្ញា ស្ដីពីការត្រួតពិនិត្យថ្នាំជក់ ដែលមានកាតព្វកិច្ចដំឡើង ពន្ធលើផលិតផលថ្នាំជក់ ដើម្បីបង្ហាញការប្ដេជ្ញា ចិត្តអនុវត្តអនុសញ្ញានេះ ។
គូសបញ្ជាក់ផងដែរថា ពលរដ្ឋកម្ពុជាប្រមាណ ១៥ ០០០នាក់ស្លាប់ ជារៀងរាល់ឆ្នាំដោយសារជំងឺបង្កដោយការប្រើប្រាស់ថ្នាំជក់។ ការប្រើប្រាស់ថ្នាំជក់ បណ្ដាលអោយខាតបង់ ទឹកប្រាក់ ៦៤៩លានដុល្លាក្នុងមួយឆ្នាំ ដែលស្មើនឹង ៣% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា យោងតាមការសិក្សា របស់ការអង្គការ សហប្រជាជាតិ ៕