ភ្នំពេញ៖ រដ្ឋបុរសសន្តិភាពសម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពរបស់សម្តេចមួយសន្លឹក អមជាមួយខ្លឹមសារដាស់តឿន ដល់យុវជនជំនាន់ក្រោយ ឲ្យចូលរួមថែរក្សាសុខសន្តិភាព កុំចាំមានសង្គ្រាមទើបស្រែកថា ស្រឡាញ់សន្តិភាព គឺវាហួសពេលស្រោចស្រង់ ដូចនៅអ៊ុយក្រែន ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣១ ឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «រូបថតមួយសន្លឹកនេះ ខ្លួនខ្ញុំក៏មិនដែលបានឃើញដែរ ទើបតែថ្ងៃនេះប្រទះឃើញ តាមបណ្តាញទំនាក់ទំនងសង្គម។ តាមពិនិត្យវ៉ែនតានេះ ពាក់ក្នុងចន្លោះឆ្នាំ១៩៩៤ ដល់ដើមឆ្នាំ១៩៩៩ ដែលជាដំណាក់កាលអនុវត្តន៍ នយោបាយឈ្នះឈ្នះ។ ពេលនោះដេក ដើរ ឈរ អង្គុយនឹកគិតចង់បានសន្តិភាព ដើម្បីមានឱកាសកសាងប្រទេស» ។
សម្ដេចបន្ថែមថា ទឹកមុខសម្ដេចពេលនោះ កំពុងគិតទៅឆ្ងាយដែលមិនមាន អ្នកណាអាចស្មានត្រូវនោះឡើយ។ សម្ដេចថា ពេលនេះសន្តិភាពមានហើយ ត្រូវរួមគ្នាការពារកុំ ឲ្យបាត់បង់ទៅវិញ ។
សម្ដេចតេជោ បញ្ជាក់ថា «សូមកុំឱ្យក្មេងជំនាន់ក្រោយ មានរឿងអកុសលដូចខ្លួនខ្ញុំ និងអ្នកជំនាន់មុនដែលប្រទេសមានសង្គ្រាម ទើបខិតខំរកសន្តិភាព។ កុំចាំមានសង្គ្រាមទើបស្រែកថា ស្រឡាញ់សន្តិភាព គឺវាហួសពេលស្រោចស្រង់ ដូចនៅអ៊ុយក្រែនអីចឹង» ៕

