ភ្នំពេញ ៖ កូនប្រុសវ័យ២១ឆ្នាំម្នាក់ដែលបានប្រើអំពើហិង្សាលើឪពុករបស់ខ្លួន ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវ ធ្វើការឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។ នេះបើតាមស្នងការដ្ឋាននគរបាលខេត្តតាកែវ នាថ្ងៃ៣១ ឧសភា ។
ជនបង្កឈ្មោះ ប៉ឹង ពេជ្រ ហៅឌឿន រស់នៅភូមិ ឃុំកើតហេតុ ប្រើអំពើហិង្សាទៅលើឪពុកបង្កើតឈ្មោះ ប៊ុត ឌៀប អាយុ៥២ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១២ និង២០នាទី ។
ក្រោយកើតហេតុ ជនរងគ្រោះជាឪពុកមិនបានដាក់ពាក្យបណ្តឹង ឬរាយការណ៍មកសមត្ថកិច្ចនោះទេ តែឈ្មោះ ប៉ឹង សុគន្ធ ភេទស្រី អាយុ៣២ឆ្នាំ ត្រូវជាកូនជនរងគ្រោះ បានផ្ញើវីដេអូថតពីសកម្មភាពហិង្សា រវាងឪពុក-កូន ទៅឲ្យឈ្មោះ ថោង សារ៉ន ភេទស្រី អាយុ២៨ឆ្នាំ ត្រូវជាក្មួយជនរងគ្រោះ មានទីលំនៅនៅរាជធានីភ្នំពេញ ប្រើប្រាស់គណនីហ្វេសប៊ុកចំនួនពីរ មានឈ្មោះ រីណា និងឈ្មោះ នីល សារ័ត្ន ហើយក៏បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៧ និង៣០នាទីតែម្តង។
ក្រោយធ្វើការសាកសួរ បានឲ្យដឹងថា មូលហេតុឈានដល់ការប្រើអំពើហិង្សានេះ បណ្តាលមកពីការយល់ច្រឡំ ដោយសារឪពុកមកពីធ្វើការហត់ហូបបាយថ្ងៃរួចបានសម្រាក ស្របពេលជាមួយគ្នានោះកូនប្រុសជាជនបង្កងើបពីដេកបានឡើងរកបាយហូប ក៏ធ្វើឲ្យជ្រុះគម្របឆ្នាំងបាយលាន់លឺខ្លាំង ស្រាប់តែឪពុកភ្ញាក់ឡើងខឹង ស្មានថាកូនបោកឆ្នាំងបាយ បានស្រែកស្តីឲ្យកូន(មិនធ្វើការអី គិតតែដេក ងើបពីដេកបោកឆ្នាំងបាយទៀត) រហូតមានទំនាស់ពាក្យសម្តីនឹងគ្នា បង្កឡើងជាហិង្សាតែម្តង តែមិនមានរបួសធ្ងន់ធ្ងរនោះទេ។
សូមបញ្ជាក់ថា កាលពីថ្ងៃ៣០ ឧសភា នៅលើបណ្តាញសង្គមហ្វេសប៊ុក TikTok និងហ្វេសប៊ុក បានចែកចាយបន្តនូវវីដេអូរអំពីសកម្មភាពហិង្សារវាងឪពុកនិងកូន មានរយៈពេល ១នាទី និង២១វិនាទី បង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ រីណា និងគណនីហ្វេសប៊ុកឈ្មោះ នីល សារ័ត្ន ដែលកើតហេតុនៅភូមិស្តុក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។ បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកុមារាជា រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី បានចុះដល់ផ្ទះកើតហេតុ ដើម្បីធ្វើការសាកសួរ តែភ្លាមៗអាណាព្យាបាលមិនសហការ ដោយបានរារាំង សមត្ថកិច្ចមិនឲ្យនាំខ្លួនជនបង្កមកសាកសួរ និងសុំមិនប្តឹងផ្តល់អ្វីឡើយ។ លុះដល់វេលាម៉ោង២០ និង០០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលពីសំណាក់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ទើបកម្លាំងជំនាញសម្រេចឃាត់ខ្លួនជនបង្កមកកាន់អធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរបន្ថែម ៕