ភ្នំពេញ ៖ ខណៈអ្នកជំងឺកូវីដ១៩នៅកម្ពុជា ព្យាបាលជិតអស់នៅសល់តែប៉ុន្មាននាក់ទៀតនោះ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសព័ន្ធយុវជនកម្ពុជា បានលើកឡើងថា វិបត្តិជំងឺកូវីដ-១៩ ក្នុង២ឆ្នាំនេះ បានឆ្លុះបញ្ចាំងពីសាមគ្គីភាព ភាតរភាព ការជួយយកអាសារគ្នាទៅវិញទៅមក របស់ជនរួមជាតិកម្ពុជា ។
យោងតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃ១ មិថុនា លោក ហ៊ុន ម៉ានី បានសរសេថា “សោកនាដកម្ម និងវិបត្តិដែលខ្ញុំបានសង្កេតឃើញក្នុងដំណាក់កាល២ឆ្នាំនេះ បានឆ្លុះបញ្ចាំងពីសាមគ្គីភាព ភាតរភាព ការជួយយកអាសារគ្នាទៅវិញទៅមក និងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ការចូលរួមគ្រប់តួអង្គ គ្រប់រូបភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងការឆ្លងកាត់វិបត្តិនេះទាំងអស់គ្នា ជាពិសេស យើងសង្កេតឃើញ អង្គការ សមាគមជាច្រើន សប្បុរសជនដែលមានលទ្ធភាពខុសៗគ្នា តិចក្ដី ច្រើនក្ដី បានចូលរួមវិភាគទានរបស់ខ្លួន ចែករំលែក ដើម្បីរួមគ្នា ក្នុងកាលៈទេសៈដែលលំបាក ក្នុងនោះក្រុ មគ្រួសារខ្លះ អាជីវកម្មមួយចំនួនបានរៀបចំជាអង្ករ ត្រីខ ត្រីងៀត និងសម្ភារៈ តិចតួចផ្សេងៗទៀត ដាក់មុខផ្ទះ ចែកចាយដោយមិនមានភាពរើសអើង ។ នេះជាការឆ្លុះបញ្ចាំងពីទឹកចិត្ត និងការចេះជួយគ្នាទៅវិញទៅមក” ។
លោកបន្តថា ២ឆ្នាំកន្លងទៅ ក៏បានផ្ដល់ជាមេរៀន ក៏ដូចជាភាពជឿជាក់ ចំពោះអនាគតកម្ពុជា ដោយសង្កេតឃើញ សង្គម ប្រជាជនកម្ពុជា ចេះយោគយល់ និងចូលរួមជាមួយគ្នា ផ្ដល់ជំនឿទុកចិត្តលើរាជរដ្ឋាភិបាល ហើយចេះជួយយកអាសារគ្នាទៅវិញទៅមកដោយមិនប្រកាន់ និងមិនរើសអើង តាមលទ្ធភាពច្រើនជួយច្រើន តិចជួយតាមតិច ដែលឆ្លុះបញ្ចាំងពីសង្គម ប្រពៃណី វប្បធម៌នៃការចែករំលែក និងចេះជួយគ្នា ជាពិសេសក្នុងពេលសង្គមជាតិទាំងមូលឆ្លងកាត់វិបត្តិ។
លោកលើកឡើងថា ការចូលរួមទាំងអស់នេះហើយ បានអនុញ្ញាតឲ្យកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ហើយទទួលបានភាពល្បីរន្ទឺលើឆាកអន្តរជាតិចំពោះសមត្ថភាពក្នុងការគ្រប់គ្រងជំងឺកូវីដរបស់កម្ពុជា ជាពិសេសបាននាំឲ្យសង្គម សេដ្ឋកិច្ចកម្ពុជាដំណើរការជាប្រក្រតីឡើងវិញបានឆាប់រហ័ស ដោយបានជួបជុំគ្នាសប្បាយរីករាយសារថ្មី៕