នយោបាយ

បុគ្គល ប៊ុត ធារី មកកម្ពុជា ដើម្បីរៀបចំផែនសម្ងាត់ បំផ្លាញការបោះឆ្នោត បានរត់គេចទៅដល់បារាំងវិញហើយ (Video)

ភ្នំពេញ ៖ ហ្វេសប៊ុកដែលមានអាខោន ឈ្មោះ Jasmine Angkor ទម្លាយថា បុគ្គលឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី (Theirry Buth) ជាមនុស្សស្និតជាមួយលោក សម រង្ស៊ីដែលបានចូលមកកម្ពុជា នាពេលកន្លងមក ដើម្បីរៀបចំផែនការ សម្ងាត់ជាមួយក្រុមបណ្តាញ ដែលកំពុងដឹកនាំ ក្នុងគណបក្សភ្លើងទៀន ដើម្បីបំផ្លាញដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បានរត់គេចខ្លួន ទៅប្រទេសបារាំងវិញ ដោយសុវត្ថិភាពហើយ នៅឡើយតែបក្សពួកខ្លួនគឺ អៀ ចាន់ណា ។

ហ្វេសប៊ុក Jasmine Angkor បានបង្ហាញពីការរត់គេចខ្លួនរបស់ប៊ុត ធារី នេះ បន្ទាប់ពីបុគ្គល ឈ្មោះអៀ ចាន់ណា ជាអ្នកគាំទ្រសម រង្ស៊ីដែរនោះ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ជាប់ពាក់ព័ន្ធបទល្មើស រួមគំនិតក្បត់ ក្រោយចូលកម្ពុជាបានជាង១សប្តាហ៍។

ហ្វេសប៊ុក Jasmine Angkor បានគូសបញ្ជាក់ថា “ថ្ងៃមុនបន្ទាប់ពីខ្ញុំបញ្ចេញព័ត៌មានអំពីផែនការទុច្ចរិត ឥឡូវឈ្មោះ ប៊ុត ធារី បានរត់គេចខ្លួនទៅប្រទេស បារាំងវិញ ដោយសុវត្ថិភាពហើយ នៅឡើយតែបក្ខពួកខ្លួនគឺ អៀ ចាន់ណា ដែលត្រូវបានគណបក្ស កាន់អំណាចដឹងពីផែនការហើយ ត្រូវបានឃាត់ខ្លួនកាលពីពេលថ្មីៗនេះ” ។

ហ្វេសប៊ុកខាងលើបន្តទម្លាយ ផែនការសម្ងាត់នោះទៀតថា តាមព័ត៌មានផ្ទៃក្នុងរបស់បក្សភ្លើងទៀន គឺបានទទួលផែនការពីលោកសម រង្សី ប្រមូលកំលាំងពីខេត្តឡើងភ្នំពេញ ឲ្យបានយ៉ាងតិច៣ម៉ឺននាក់ ដោយឲ្យ លោក ជា មុន្នី(ទើបប្រកាសចូលរួមបក្សនេះ) ប្រមូលកម្មករ និងលោក វន ពៅ ប្រមូល Pass App ឲ្យបានជាងមួយពាន់គ្រឿង។

ផ្ទាំងពាណិជ្ជកម្ម

ប្រភពឲ្យដឹងទៀតថា “បើតាមការយល់ ឃើញរបស់ខ្ញុំបក្សភ្លើងទៀន គឺមានផែនការអុកឡុកបំផ្លាញការបោះឆ្នោតនៅកម្ពុជា ឬរៀបចំចាំទទួលមេរបស់ពួក នៅក្រៅប្រទេស មកភ្នំពេញមុនពេលបោះឆ្នោត។ ខ្ញុំគិតថា សមត្ថកិច្ចនៅមិនទាន់រឿងនេះទេ គួរតែមានការប្រុងប្រយ័ត្ន និងទប់ស្កាត់ឲ្យបាន” ។

សូមបញ្ជាក់ថា កាលពីថ្ងៃ២៥ ឧសភា កន្លងមក ហ្វេសប៊ុក Jasmine Angkor បានទម្លាយផែនការសម្ងាត់របស់លោកសម រង្ស៊ីថា លោកបានបញ្ជូនមនុស្ស ជំនិតម្នាក់មកពីបារាំងមាន ឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី (Theirry Buth) ចូលកម្ពុជា ដើម្បីរៀបចំផែនការសម្ងាត់ ជាមួយក្រុមបណ្តាញ ដែលកំពុងដឹកនាំក្នុងគណបក្សភ្លើងទៀន ។ តាមការអះអាង របស់ប្រភពព័ត៌មានសម្ងាត់ របស់អតីតសមាជិក គណបក្សសង្គ្រោះជាតិ កំពុងរស់នៅបារាំង បានប្រាប់អំពីផែនការដែលពួកគេទទួលពី លោកសម រង្ស៊ី គឺការប៉ុនប៉ងបង្កការឲ្យមានសភាពការណ៍ ចលាចលក្នុងពេលបោះឆ្នោតខាងមុខ ។

តាមការបញ្ជាក់ពីប្រភពខាងលើឈ្មោះ ប៊ុត ធារី គឺជាមនុស្សដែលលោកសម រង្ស៊ីទុកចិត្តបំផុត និងតែងតែឲ្យធ្វើសកម្មភាពឧក្រិដ្ឋកម្មជាច្រើន ដូចជាផែនការប៉ុនប៉ងផ្តួល រំលំរដ្ឋាភិបាលកម្ពុជា ការជេរប្រមាថព្រះមហាក្សត្រ , ការរៀបចំផែនការវិលត្រឡប់មកកម្ពុជារបស់លោកសម រង្ស៊ី និងរារាំងប្រជាពលរដ្ឋកម្ពុជា មិនឲ្យចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងឆ្នាំ២០១៨ ទៀតផង៕

To Top