ព័ត៌មានជាតិ

សេចក្ដី​ណែនាំ ពីការចាត់តាំងរៀបចំ ព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្ម សម្តេចម៉ែ

ភ្នំពេញ ៖  គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ បានណែនាំពីការចាត់តាំងរៀបចំ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់ព្រះជន្ម ៨៦ យាងចូល ៨៧ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។

យោងតាមផែនការណែនាំ នាពេលថ្មីៗនេះ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាល កម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ព្រមទាំងប្រជារាស្ត្រទូទាំងប្រទេស តែងរៀបចំប្រារព្ធព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ស្របតាម ព្រះរាជប្បវេណីពីបុរាណ និងប្រពៃណីសាសនា។

ដើម្បីសម្តែងនូវកតញ្ញូតាធម៌ តបស្នងព្រះមហាករុណា ទិគុណដ៏ធំធេង ដែលព្រះអង្គបានលះបង់ ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជារាស្ត្រ ជាកូនចៅ ចៅទួតរបស់ព្រះអង្គ ពិសេសលើវិស័យមនុស្សធម៌ អប់រំ សង្គមកិច្ច សុខុមាលភាពទូទៅ និងចូលរួម អបអរសាទរថ្វាយព្រះរាជសព្ទសាធុការពរ បវរមហាប្រសើរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ គម្រប់ព្រះជន្ម ៨៦យាងចូល ៨៧ព្រះវស្សា៕

To Top