ព័ត៌មានជាតិ

៥ខែ ឆ្នាំ២០២២ ផលប៉ះពាល់ដោយសារ អាកាសធាតុនៅកម្ពុជា ថយចុះពាក់កណ្តាល បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១

ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា នៅក្នុងរយៈពេល ៥ខែ ឆ្នាំ២០២២ ផលប៉ះពាល់ដោយសារអាកាសធាតុ នៅប្រទេសកម្ពុជា មានការថយចុះពាក់កណ្តាល បើប្រៀបធៀបនឹងរយៈពេល ៥ខែ កាលពីឆ្នាំ២០២១។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី១ មិថុនា បានបញ្ជាក់ថា ដោយឡែកស្ថានភាពអាកាសធាតុសម្រាប់៥ខែ ដើមឆ្នាំ២០២២នេះ មានភាពល្អប្រសើរជាងឆ្នាំ២០២១ ដោយសារកម្ពុជា ទទួលរងកម្រិតកំដៅខ្សោយ ពុំក្តៅខ្លាំងដូចឆ្នាំ២០២១ ហើយភ្លៀងកក់ខែ កើតមានច្រើនក្នុងរដូវប្រាំង កាត់បន្ថយការប្រឈមនូវ ការខ្វះខាតទឹកប្រើប្រាស់ និងទឹកសម្រាប់ការបង្កបង្កើនផល ព្រមទាំងពុំសូវទទួលរងឥទ្ធិពលពីព្យុះក្នុងតំបន់។ ដូច្នេះ ផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ មានការថយចុះធៀបឆ្នាំ២០២១ ក្នុងរយៈពេលដូចគ្នា។

ផ្ទាំងពាណិជ្ជកម្ម

សម្រាប់ខ្យល់កន្រ្តាក់កើតឡើងចំនួន ៧៩លើក បណ្តាលឱ្យផ្ទះរលំ និងខូចខាតធ្ងន់ចំំនួន ៥២៧ខ្នង, ផ្ទះរបើកដំបូលចំនួន ១,៧៧៧ខ្នង, មនុស្សស្លាប់២នាក់ និងរបួស១៦នាក់។ បន្ថែមពីនេះ រន្ទះបាញ់មនុស្សស្លាប់ចំនួន ២២នាក់, មនុស្សរបួសចំនួន ១៧នាក់ និងងាប់គោ ក្របីចំនួន ៥៣ក្បាល

ជារួមប៉ះពាល់ដោយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២២ ធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ មានការថយចុះប្រមាណពាក់កណ្តាល ហើយគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បាននឹងកំពុងបង្កើនការផ្សព្វផ្សាយ ចូលជ្រៅដល់មូលដ្ឋាន អំពីវិធានការណ៍នការការពារ។ ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ តែងកើតមានរៀងរាល់ឆ្នាំ ទោះតិច ឬច្រើន។ ដូច្នេះ ត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ពិសេសក្នុងរដូវវស្សានេះ៕

To Top