បរទេស៖ ក្រសួងការពារជាតិអាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃពុធថា ខ្លួនមិនអាចផ្តល់ព័ត៌មានលម្អិត ស្តីពីការសន្យារបស់អធិការបតី គឺលោក Olaf Scholz ក្នុងការផ្គត់ផ្គង់អ៊ុយក្រែន ជាមួយនឹងប្រព័ន្ធការពារ ដែនអាកាស ជាក់លាក់មួយបាននោះទេ ដោយហេតុផល ដែលបានលើកឡើងគឺថា Bundeswehr ដែលជាកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសអាល្លឺម៉ង់ មិនមានអាវុធនៅក្នុងស្តុក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា អាវុធដែលចោទសួរនោះ ត្រូវបានគេហៅថា IRIS-T ហើយវាអាចចេញជាទម្រង់មីស៊ីល រយៈចម្ងាយខ្លី ពីអាកាសទៅអាកាស ឬប្រព័ន្ធការពារដែនអាកាស រយៈចម្ងាយខ្លី ឬរយៈចម្ងាយមធ្យម។
នៅពេលសួរថា តើប្រព័ន្ធទាំងនេះមួយណា ដែលរដ្ឋាភិបាលទីក្រុងប៊ែកឡាំង គ្រោងនឹងបញ្ជូនទៅឱ្យអ៊ុយក្រែននោះ អ្នកនាំពាក្យក្រសួងការពារជាតិ លោក David Helmbold បានឆ្លើយតបថា “សំណួរនេះគួរតែត្រូវបាន ដោះស្រាយជាចុងក្រោយ ដល់ឧស្សាហកម្ម [ការពារជាតិ] ចាប់តាំងពីយើងមិនមានប្រព័ន្ធទាំងនេះ នៅក្នុងសេវាកម្មរបស់យើង” ។
លោកបានបន្ថែមថា លោកមិនអាចបញ្ជាក់ ពីបញ្ហានេះបានទេ ដោយសារ Bundeswehr មិនមានប្រព័ន្ធការពារអាកាស បែបនេះ នៅក្នុងឃ្លាំងអាវុធរបស់ខ្លួន។
សូមជម្រាបថា ការអត្ថាធិប្បាយនេះ បានធ្វើឡើងតែប៉ុន្មានម៉ោង បន្ទាប់ពីលោក Scholz អធិការបតីអាល្លឺម៉ង់បានប្រាប់សភាថា រដ្ឋាភិបាលរបស់លោក មានគម្រោងបញ្ជូនប្រព័ន្ធទំនើប បន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន រួមទាំងប្រព័ន្ធ IRIS-T និងរ៉ាដា ដែលមានសមត្ថភាពអាចរកឃើញ ការបាញ់កាំភ្លើងធំ និងកំណត់ទីតាំងនៃប្រព័ន្ធកាំភ្លើងធំ របស់សត្រូវដែលបានបើកវា។
អធិការបតីមិនបានបញ្ជាក់ថា តើលោកចង់សំដៅ លើមីស៊ីល ពីអាកាសទៅអាកាស ឬប្រព័ន្ធមូលដ្ឋាន នៅពេលនិយាយអំពី IRIS-T នោះទេ៕
ប្រែសម្រួលៈ ណៃ តុលា