នយោបាយ

គ.ជ.ប លុបចោលការផាកពិន័យលើ គង់ រ៉ៃយ៉ា ព្រមទាំងរក្សាសិទ្ធិបោះឆ្នោត និងឈ្មោះក្នុងបញ្ជី បេក្ខជនបក្សភ្លើងទៀន ១៥រូប

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចលុបចោលការផាកពិន័យលោក គង់ រ៉ៃយ៉ា តំណាងគណបក្សភ្លើងទៀនចំនួន៥លានរៀល ព្រមទាំងរក្សាសិទ្ធិបោះឆ្នោត និងរក្សាឈ្មោះក្នុងបញ្ជីបេក្ខជន គណបក្សភ្លើងទៀនទាំង១៥រូប ។ នេះបើតាមសេចក្តីប្រកាសរបស់ គ.ជ.ប ក្រោយក្រុមប្រឹក្សាជំនុំជម្រះគ.ជ.ប បានបើកសវនាការជាសាធារណៈ ដោះស្រាយសំណុំរឿងចំនួន២ កាលពីថៃ្ងទី២ ខែមិថុនា ឆ្នាំ២០២២ ។

បណ្តឹង២ករណីនេះ សុទ្ធតែពាក់ព័ន្ធសកម្មភាព របស់បេក្ខជនគណបក្សភ្លើងទៀន ក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ស្ថិតនៅឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ។

បណ្តឹងរបស់ លោក គង់ រ៉ៃយ៉ា ជាបេក្ខជនគណបក្សភ្លើងទៀន ឃុំស្ពៃ បានប្តឹងជំទាស់ទៅនឹងសេចក្តីសម្រេច គធ.ខប ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ របស់គណៈកម្មការរៀបចំ ការបោះឆ្នោតខេត្តកំពង់ចាម ដែលបានសម្រេចផាកពិន័យជាប្រាក់ចំនួន ៥,០០០,០០០ រៀល ពីបទចែកថវិកា និងសម្ភារ ឃោសនាបោះឆ្នោតទៅឲ្យ គណបក្សភ្លើងទៀនចំនួន១១ឃុំ ក្នុងស្រុកកងមាស ។

បណ្តឹងមួយទៀត ឈ្មោះ គា អ៊ាវ មានទីលំនៅ ភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ជាមេធាវីតំណាងអាណត្តិឲ្យឈ្មោះ ជិន ដាវី បានប្ដឹងសុំតវ៉ាសេចក្តីសម្រេចចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ របស់គណៈកម្មការរៀបចំ ការបោះឆ្នោតខេត្តកំពង់ចាម មិនបានធ្វើការសម្រេចលើចំណុចដកសិទ្ធិបោះឆ្នោត និងលុបឈ្មោះចេញពីបញ្ជីបេក្ខជន គណបក្សភ្លើងទៀនចំនួន១៥រូប ដែលនាំគ្នាផ្ដល់ អំណោយជាថវិកា និងសម្ភារមួយចំនួនក្នុង អំឡុងពេលឃោសនាបោះឆ្នោត។

បន្ទាប់ពីបានស្ដាប់ការឆ្លើយបំភ្លឺរួចរាល់ ក្រុមប្រឹក្សាជំនុំជម្រះនៃគ.ជ.ប យល់ឃើញថា សេចក្តីសម្រេច របស់គណៈកម្មការរៀបចំការ បោះឆ្នោតខេត្តកំពង់ចាម គឺជាការសម្រេចក្នុងសមត្ថកិច្ច និងជាមូលវិចារអធិបតយ្យរបស់ក្រុមប្រឹក្សាជំនុំជម្រះ នៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម និងពុំមានមូលដ្ឋានគតិយុត្តពេញលេញនៅឡើយ។ ដូចនេះក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប បានសម្រេចលុបចោលការផាកពិន័យឈ្មោះ គង់ រ៉ៃយ៉ា ចំនួន ៥,០០០,០០០ រៀល និងរក្សាសិទ្ធិបោះឆ្នោត និងរក្សាឈ្មោះក្នុងបញ្ជីបេក្ខជន គណបក្សភ្លើងទៀនទាំង១៥រូប។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលឃោសនាបោះឆ្នោត កាលពីសប្តាហ៍មុន រូបថតលោក គង់ រ៉ៃយ៉ា ជាតំណាងគណបក្សភ្លើងទៀន បានផ្តល់ថវិកាជូនគណបក្សឃុំទាំង១១ ស្រុកកងមាស ខេត្តកំពង់ចាមត្រូវបាន ចែកចាយពេញបណ្តាញសង្គម ហើយតំណាងគណបក្សប្រជាជនកម្ពុជា ក៏បានដាក់ពាក្យបណ្តឹង ៕

To Top