ព័ត៌មានជាតិ

ប្រធានគណបក្ស ប្រជាជនខេត្តកំពង់ចាម ៖ រយៈពេល ១៤ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោត បានប្រព្រឹត្តទៅ ប្រកបដោយបរិយាកាសសេរី មានសុវត្ថិភាព គ្មានបាតុភាពហិង្សាឡើយ

កំពង់ចាម ៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២២ ដែលជាថ្ងៃចុងក្រោយ នៃការដង្ហែរក្បួនឃោសនា រកសម្លេងឆ្នោត សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អណត្តិទី៥ ឆ្នាំ ២០២២ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា យុទ្ធនាការឃោសនារកសម្លេងឆ្នោត១៤ ថ្ងៃកន្លងទៅនេះ គឺបានប្រព្រឹត្តទៅប្រកប ដោយបរិយាកាសសេរី មានសុវត្ថិភាព មិនមានបាតុភាពហិង្សាណាមួយ កើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ ។

លោក អ៊ុន ចាន់ដា បានគូសបញ្ជាក់ដូច្នេះ ខណ:ជួបជុំសមាជិក សមាជិកា គណបក្សប្រជាជន នៃសង្កាត់ទាំង ៤ ក្នុងក្រុងកំពង់ចាម ប្រមាណជាជាង ៥,០០០ នាក់ នៅសួនច្បារ មុខសាលាខេ ត្តកំពង់ចាម ។

លោក អ៊ុន ចាន់ដា បានបន្តថា រយៈពេល ១៤ ថ្ងៃកន្លងទៅនេះ សកម្មភាពដង្ហែក្បួន យុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានប្រព្រឹត្តទៅយ៉ាងសកម្ម នៅគ្រប់ក្រុង ស្រុកទាំង ១០ និងឃុំ សង្កា ត់ ទាំង១០៩ ក្នុងខេត្តកំពង់ចាម ដោយមានការចូលរួមយ៉ាងផុលផុស ពីសមាជិក សមាជិកា និងមហាជនទូទៅនៅក្នុងខេត្ត ទាំងការដង្ហែរក្បួន និងឃោសនាចំហ មានចំនួន ៦៣៤ លើក ប្រជាជនចូលរួមសរុប ៧២,៩២៣ នាក់ ស្រី ៣,៩៦៧ នាក់ ។

លោក យឹម ឆៃលី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារ គណបក្សប្រជាជន ចុះជួយខេត្តកំពង់ចាម បានយកឱកាសនោះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំសង្កាត់, ឃោសនិកគណបក្សប្រជាជនគ្រប់ជាន់ថ្នាក់ , ក្រុមការងារថ្នាក់ជាតិថ្នាក់ក្រោមជាតិ ចុះជួយខេត្តកំពង់ចាម និងសមាជិកសមាជិកា យុវជន នៃគណបក្សប្រជាជនទាំងអស់ ដែលបានខិតខំអស់ពីកម្លាំង កាយចិត្ត ក្នុងការបំពេញភារកិច្ចនៅគ្រប់មូលដ្ឋាន ទាំង១០៩ ឃុំសង្កាត់ ក្នុងខេត្តកំពង់ចាម ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top