ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ បានផ្ញើសារពិសេសដើម្បីអំពាវនាវប្រជាពលរដ្ឋ បន្តការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ពិសេសក្នុងអំឡុងពេលទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ។ ក្នុងនោះ សម្តេចបានស្នើឲ្យដាក់អាកុល រក្សាគំលាត និងពាក់ម៉ាស់ នៅពេលចូលរួមបោះឆ្នោត ដើម្បីជៀសវាងក្នុងករណីអាចនឹងនាំទៅដល់ការឆ្លងជំងឺឡើងវិញ ទោះបីជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)មានវិធានការ ការពារក៏ដោយ ។
ការអំពាវនាវរបស់សម្តេចតេជោនេះ ធ្វើឡើងនៅថ្ងៃចុងបញ្ចប់នៃយុទ្ធនាការឃោសនារកសំឡេង ខណៈ បោះឆ្នោតនៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ។ សម្រាប់ការបោះឆ្នោតនេះ កម្មកររោងចក្រ សហគ្រាស ត្រូវបានអនុញ្ញាតឲ្យឈប់មុនមួយថ្ងៃនិងក្រោយមួយថ្ងៃ នៃការបោះឆ្នោត ។ បើតាមគ.ជ.ប ពលរដ្ឋគ្រប់អាយុទៅបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ជាង៩លាននាក់។
ក្នុងសារសំឡេងជាង១០នាទី សម្តេចបានរៀបរាប់អំពីការស្ថានភាពជំងឺកូវីដនៅកម្ពុជា ក្នុងរយៈពេលជិត១ខែមកនេះ ស្ថានធូរស្រាលដោយគ្មានអ្នកឆ្លងថ្មី ប៉ុន្តែត្រូវប្រុងប្រយ័ត្នរក្សាសុខភាព នាថ្ងៃបោះឆ្នោត ។ សម្ដេចថា ត្រូវអនុវត្តតាមវិធានការណ៍សុខាភិបាល ដោយការលាងដៃក្រោយពេលបោះឆ្នោតរួច ឬនៅពេលកាន់ក្រដាស ព្រោះមិនដឹងថាអ្វីនៅលើក្រដាសនោះទេ ។
សម្តេចតេជោបានមានប្រសាសន៍ថា “សូមអំពាវនាវឲ្យជនរួមជាតិ យកចិត្តទុកដាក់ទៅលើសុវត្ថិភាព ផ្ទាល់ខ្លួនសម្រាប់ការឆ្លងរាលដាលនូវកូវីដ១៩ នៅថ្ងៃបោះឆ្នោត ហើយសូមពាំនាំទៅជាមួយនូវដបទឹកអាល់កុល ឬជែល សម្រាប់ការលាងដៃ ក្រោយពេលបងប្អូនបោះឆ្នោត។ ទោះបីជាម៉ាស់ដកចេញពីកាតព្វកិច្ច តែបើសិនពាក់ម៉ាស់បានជាការប្រសើរ និងត្រូវរក្សាគំលាត ព្រោះពេលនោះ ជាកន្លែងដែលប្រមូលផ្តុំមនុស្សមកពីកន្លែងផ្សេងៗ មកកាន់ទីតាំងតែមួយ” ។
សម្រាប់ដំណើរការបោះឆ្នោតខាងមុខ សម្តេចនាយករដ្ឋមន្រ្តីសង្ឃឹមទុកជាមុនថា គ្រប់គណបក្សនយោបាយទាំងអស់នឹងចូលរួមជាគ្នា ដើម្បីជោគជ័យ នៃដំណើរការប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា ។ ព្រមជាមួយគ្នានេះ សម្តេចក៏បន្តក្តីសង្ឃឹមទៀតថា គ្រប់គ្នា(គ្រប់គណបក្ស)នឹងទទួលយកលទ្ធផលបោះឆ្នោតដែលពលរដ្ឋផ្តល់ឲ្យ ។
សម្តេចក៏បានលើកឡើងទៀតថា នៅពេលបិទខ្ទប់មេឃុំ ចៅសង្កាត់ បានចូលរួមចំណែកយ៉ាងខ្លាំងទោះបីជាមានបញ្ហាមួយចំនួនកើតឡើងតិចតួចក្តី។ ជាមួយគ្នានោះដែរ សម្តេចក៏បានអំពាវនាវដល់មេឃុំ ចៅសង្កាត់បន្តអនុវត្តដល់សារាចរណ៍ដែលបានដាក់ចេញ ពិសេសនោះការមិនផឹកគ្រឿងស្រវឹង ក៏ដូចជាការអនុវត្តវិធានការទាំងឡាយពាក់ព័ន្ធវិស័យសុខាភិបាល ៣កុំ៣ការពារ ៕