ភ្នំពេញ: លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការ កណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានយុវជន គណបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារ គណបក្សថ្នាក់កណ្តាលចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ ទទួលបន្ទុកលើការងារយុវជន ថែ្លងក្នុងពិធីបិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នៅឃុំដារ ឃុំត្រមូង ឃុំមេមត់ ឃុំរូង ឃុំចាន់មូល ឃុំជាំ និងឃុំជាំក្រវៀន ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ។

លោកបណ្ឌិត បន្តថា ក្នុងយុទ្ធនាឃោសនាសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ រយៈពេល១៤ ថ្ងៃនេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅទូទាំងប្រទេស ក៏ដូចជាក្នុង ស្រុកមេមត់ផ្ទាល់ បានធ្វើការអបអរសាទរ នូវសមិទ្ធផលដែលសម្រេច បានរួមគ្នា ក្នុងបុព្វហេតុជាតិ និង ប្រជាជន ជាច្រើនសន្ធឹកសន្ធាប់ ក្នុងរយៈកាល ៤៣ ឆ្នាំមកនេះ ជាពិសេសក្នុងដំណាក់កាល ដែលប្រទេសបាន ជួបនូវបញ្ហាលំបាកស្មុគ្រ ស្មាញបំផុត ជាអាទិ៍ ការរំដោះប្រជាជន និងប្រទសជាតិចេញពីការកាប់សំលាប់រង្គាលនៃរបបប៉ុលពត, ការនាំមកនូវសន្តិភាព ពេញលេញទូទាំងប្រទេស ដោយបានបញ្ចប់សង្គ្រាម រវាងជាតិខ្មែរ, ហើយដំណាក់កាលចុងក្រោយនេះ គឺបានការពារអាយុជីវិតប្រជាពលរដ្ឋ ពីការរាតត្បាត នៃជំងឺដ៏កាចសាហាវកូវីដ-១៩ តាមរយៈការផ្តល់សេវាព្យាបាល និងការចាក់ថ្នាំវ៉ាក់សាំងការពារ បានរហ័សទាន់ពេលវេលា ។ សក្ខីភាព នៃសមិទ្ធផលដែលសម្រេច បានដ៏លើសលប់ទាំងនេះ សរបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ពិតជាបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត និងធនធាន ដោយមិនគិតពីអាយុជីវិត និងការលំបាក សំដៅធ្វើយ៉ាងណាអនុវត្តតួនាទី និងភារកិច្ច បម្រើជាតិ មាតុភូមិ និងប្រជាជនឱ្យបានសុខសាន្ត។

លោកបន្ថែមថា គណប្រជាជនកម្ពុជា មានភាពរឹងមាំ គឺដោយសារកម្លាំងសាមគ្គីភាពដ៏ស្អិតរមួតរបស់ថ្នាក់ដឹកនាំ និងប្រតិបត្តិករគ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងការគាំទ្រលើសលប់ ពីសំណាក់ប្រជាជនជាម្ចាស់ស្រុក ដែលបានបង្កឱ្យមានឱកាសបម្រើ កសាង និងអភិវឌ្ឍប្រទេសគ្រប់អាណត្តិកន្លងមក។ បន្តទៅមុខគណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ជាអ្នក ដឹកនាំផ្ទាល់ បានប្តេជ្ញាខិតខំប្រឹងប្រែងបង្កើតនូវ សមិទ្ធផលវិជ្ជមានឱ្យបានច្រើន បន្ថែមទៀត ជាពិសេសការ បន្តថែរក្សាសុខសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍឥតឈប់ឈរ សម្រាប់និរន្តរភាពយូរអង្វែង ច្រើនជំនាន់តរៀងទៅ។ ដូច្នេះ សូមបន្តមានជំនឿជឿជាក់លើ សម្តេចតេជោ ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ តាមរយៈការបោះឆ្នាតផ្តល់ ឱកាសជូនគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកអភិវឌ្ឍនភាពរុងរឿង ស្មើមុខស្មើមាត់លើឆាកអន្តជាតិ ទាំងក្នុងតំបន់ និងទូទាំងសាកលលោក។

លោក ក៏សូមអរគុណគណៈកម្មាធិការ គណបក្សខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងសាខាបក្សភូមិ ព្រមទាំងក្រុមការងារ ចុះមូលដ្ឋាន គ្រប់យន្តការនៅទូទាំងប្រទេស ដែលបាននៅកៀកជិតស្និទ្ធ បម្រើប្រជាជនដូចភ្លៀងរលឹម ដោយមិនគិតពីការនឿយហត់ និងលះបង់គ្រប់បែបយ៉ាង ដើម្បីផ្តល់ភាពកក់ក្តៅ និងស្នាមញញឹមជូនប្រជាពលរដ្ឋតាមមូលដ្ឋាន រហូតទទួលបាននូវទំនុកចិត្តដ៏លើសលប់ ក្នុងគ្រប់អាណត្តិនៃការបោះឆ្នោតកន្លងមក៕














