ភ្នំពេញ៖ ខណៈពេលយុទ្ធនាការឃោសនា រកសំឡេងឆ្នោត ត្រូវបានបិទបញ្ចប់ និងឈានទៅដល់ការបោះឆ្នោតជាផ្លូវការ នាថ្ងៃទី៥ មិថុនា ខាងមុខ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងនូវប្រយោគមួយឃ្លា ដែលមានខ្លឹមសារថា ” អុជទៀនទទួលទេវតា សុំសេចក្តីសុខ សន្តិភាព ដើម្បីបន្តការអភិវឌ្ឍប្រទេស”។
សូមបញ្ជាក់ថា ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន១៧ បានចូលរូម។
យោងតាមគេហទំព័រហ្វេសប៊ុក លោក សយ សុភាព បានឱ្យដឹងថា ក្នុងថ្ងៃចុងបញ្ចប់ នៃយុទ្ធនាការឃោសនា រកសំឡេងឆ្នោត ពីសំណាក់គណបក្សនយោបាយនានា រូបលោកផ្ទាល់នឹងផ្អាកសរសេរ អត្ថបទនិងបង្ហោះសារ ទាក់ទងទៅនឹងការឃោសនា បោះឆ្នោត ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រឹមរសៀលម៉ោង៥នេះ។
ការអះអាងរបស់លោក សយ សុភាព បែបនេះគឺគោរពតាមការណែនាំ របស់ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ ជ ប) និងក្រសួងព័ត៌មាន ដែលបានប្រកាសឱ្យបញ្ឈប់សកម្មភាព ផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធទៅនឹងយុទ្ធនាការ ឃោសនាបោះឆ្នោត ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ព្រោះថ្ងៃទី៤ មិថុនា ជាថ្ងៃស្ងាប់ស្ងាត់ សម្រាប់ទុកឱកាសឱ្យប្រជាពលរដ្ឋ ជាម្ចាស់សំឡេងឆ្នោត ពិចារណានិងជ្រើសរើសបក្ស ដែលខ្លួនស្រលាញ់ ដោយខ្លួនឯង។
ជុំវិញយុទ្ធនាការឃោសនា រកសំឡេងឆ្នោតនាពេលប៉ុន្មានថ្ងៃកន្លងមកនេះ លោក សយ សុភាព បានកត់សំគាល់ឃើញថា គ្រប់គណបក្សទាំងអស់ បានគោរពច្បាប់ និងដើរលើគន្លងប្រជាធិបតេយ្យ ដែលនេះជាមោទកៈភាព សម្រាប់ខ្មែរទាំងមូល។
លោកថា ការឃោសនា របស់បក្សនយោបាយ នាពេលនេះអាចជាគំរូ នៅក្នុងតំបន់ផងដែរ ព្រោះយើងបានប្រារព្ធ ជាទៀងទាត់ ផងរាល់៥ឆ្នាំម្តង ចាប់តាំងឆ្នាំ២០០២មក។
លោក សយ សុភាព គូសបញ្ជាក់ថា “សង្រួមឱ្យខ្លី មកគឺយុទ្ធនាការ «អុជទៀនទទួលទេវតា» សុំសេចក្តីសុខ សន្តិភាពដើម្បីបន្តការ អភិវឌ្ឍប្រទេស”។
ជាមួយគ្នានេះ លោកមានជំនឿងថា បក្សនយោបាយទាំងអស់ នឹងទទួលបានការគាំទ្រ ទោះបីតិចក្តី ច្រើនក្តី ហើយក្រុមប្រឹក្សាទាំងនោះ នឹងអង្គុយធ្វើការជាមួយគ្នា ក្នុងឋានៈជាជាតិខ្មែរតែមួយ។
លោក សយ សុភាព ផ្ដាំថា សន្លឹកឆ្នោតប្រៀបបាន មាសសុទ្ធដែលម្ចាស់ ផ្តល់ដើមទុនឱ្យទៅអភិវឌ្ឍន៏ នៅភូមិស្ថានរបស់ខ្លួន។
លោក សយ សុភាព បន្តថា បើពិនិត្យការដង្ហែក្បួន មានតែបក្សប្រជាជនកម្ពុជាទេ ដែលនាំមុខដាច់គេ ខណៈបន្ទាប់បក្សភ្លើទៀន។
ឆ្លៀតក្នុងឱកាសនេះ លោក សយ សុភាព ក៏បានអំពាវនាវ ឱ្យបញ្ចប់នូវវប្បធម៌កោសរូស និងទារតាមចិត្តរបស់ខ្លួន( មិនច្រើនទេ តែជះឥទ្ធិពលអាក្រក់) តទៅទៀតទៅ។
ដោយឡែកពាក់ព័ន្ធទៅនឹង អតីតមេបក្សប្រឆាំង ដែលកំពុងរស់នៅក្រៅប្រទេសវិញ លោក សយ សុភាព បានលើកឡើងចោទជាសំណួរថា “ចម្លែកអីតែទណ្ឌិត សម រង្ស៊ី បើកយុទ្ធនាការឃោសនា បំផ្លាញគណបក្សភ្លើងទៀនទៅវិញ តើមានអ្វីអាថ៍កំបាំង នៅពីក្រោយ?”។
អ្នកវិភាគបានលើកឡើងថាទណ្ឌិត សម រង្ស៊ី អាចមានយុទ្ធវិធីអាក្រក់ណាមួយ ព្រោះឆ្នាំក្រោយ ប្រទេសកម្ពុជានឹងរៀបចំបោះឆ្នោតថ្នាក់ជាតិទៀត។
សូមរំលឹកថា លោក សយ សុភាព ក៏ធ្លាប់បានលើកឡើងផងដែរថា គណបក្សភ្លើងទៀន កំពុងដើរចូលជ្រោះ ដោយមិនដឹងខ្លួន តាមរយៈនៃការយករូបថតនឹងឈ្មោះ លោក សម រង្ស៊ី មកធ្វើជាយីហោ សម្រាប់ធ្វើការឃោសនា រកសំឡេងឆ្នោត នាពេលបច្ចុប្បន្ននេះ។
បន្ថែមលើសពីនោះ លោក សយ សុភាព ក៏បានធ្វើការព្យាករណ៍ទុកថា “ចរន្តនយោបាយកម្ពុជា អាចនឹងវិវត្តន៏ទៅរក គ្មានបក្សភ្លើងទៀន ក្រោយការបោះឆ្នោត ឃុំ-សង្កាត់”៕