ព្រៃវែង ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអំពាវនាវ ដល់អ្នកនៅក្រៅប្រទេស ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាព ដែលញុះញង់ឲ្យបក្ខពួករបស់ខ្លួន ធ្វើការតវ៉ា ឬប្រឆាំងលទ្ធផលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តព្រៃវែង នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ សម្ដេច ស ខេង បានឲ្យដឹងថា សម្ដេច ទទួលបានព័ត៌មានចំនួន២ រួមមាន៖ ទី១- នឹងមានការប្រមូលមនុស្សជាង ៣ម៉ឺននាក់ ចូលមករាជធានីភ្នំពេញ ដើម្បីអុកឡុកថ្ងៃដំណើរការបោះឆ្នោត។ សម្ដេច បន្ដថា រហូតមកដល់ពេលនេះ មិនទាន់លេចលឺព័ត៌មានថា «ប្រមូលផ្ដុំគ្នា នៅរាជធានីភ្នំពេញឡើយ»។
សម្ដេច បញ្ជាក់ថា ចំពោះសម្មភាពប្រមូលផ្ដុំគ្នា ប្រឆាំងដំណើរការបោះឆ្នោត គឺប្រឈមមុខចំពោះផ្លូវច្បាប់។
ចំពោះព័ត៌មានទី២ វិញ៖ នៅថ្ងៃបោះឆ្នោតមានគណបក្សមួយ បានណែនាំសមាជិករបស់ខ្លួន មិនឲ្យចេញពីការិយាល័យបោះឆ្នោត ទោះបីបោះឆ្នោតហើយក៏ដោយ នៅក្នុងការិយាល័យ រហូតដល់រាប់សន្លឹកឆ្នោតចប់ ហើយក៏មានគម្រោងតវ៉ា ចំពោះលទ្ធផលបោះឆ្នោត។
ជុំវិញបញ្ហាខាងលើនេះ សម្ដេច ស ខេង ក៏បានចេញបទបញ្ជា ទៅអភិបាលរាជធានី-ខេត្ត ឲ្យទប់ស្កាត់ និងតាមព័ត៌មានទាំងនេះ។
សម្ដេច បានផ្ដាំផ្ញើដល់មេខ្លោង ដែលញុះញង់បក្ខពួកខ្លួន ត្រូវបញ្ឈប់ជាបន្ទាន់ ព្រោះកិត្តិយសមុខមាត់ ប្រទេសជាតិ។ សម្ដេច ថា ទោះបីគណបក្សខ្លួនទទួលបានសំឡេងឆ្នោត យ៉ាងណាក៏ដោយ ត្រូវគោរពលទ្ធផលនោះ ដែលគ្មានអំពើហិង្សា គ្មានការគំរាមកំហែង ជាដើម។
សម្ដេច មានប្រសាសន៍បញ្ជាក់ថា «ខ្ញុំ សូមអំពាវនាវ ដល់អ្នកដែលបញ្ជារឿងនេះ ពីនាយសមុទ្រ សូមបញ្ឈប់ នេះជាសកម្មភាពបំផ្លាញប្រទេសជាតិ ដែលដើរផ្ទូយពីគោលការណ៍ លទ្ធិប្រជាធិបតេយ្យ ឬប្រឆាំងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ដែលបង្កអុកឡុកដំណើរការបោះឆ្នោត ដែលល្មើសនឹងច្បាប់។ ចឹងហើយ អ្នកដែលបញ្ជាក៏ឈប់ អ្នកដែលទទួលការបញ្ជា គួរកុំធ្វើដែរ»។
លើសពីនេះ សម្ដេច ស ខេង ក៏បានបង្ហើបថា ក្រុមប្រឆាំងបានធ្វើសកម្មភាពខាងលើនេះ នៅខេត្តបន្ទាយមានជ័យ ព្រោះថា ជិតព្រំដែនថៃ ដូច្នេះភាគីពាក់ព័ន្ធទាំងអស់ ត្រូវសហការជាមួយ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីធ្វើយ៉ាងឲ្យដំណើរការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅរលូន ត្រឹមត្រូវ និងយុត្តិធម៌៕