ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ កម្ពុជា បានចាប់ផ្ដេីមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលប្រព្រឹត្តទៅចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៣ រសៀលថ្ងៃដដែល។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយបានដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦.០៩២នាក់ ស្ត្រី ២៧.៨១៣នាក់។
ដោយឡែកឃុំ-សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន ១.៦៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ-សង្កាត់ទាំងអស់នេះ មានចំនួន ១១.៦២២រូប។
លេីសពីនេះ ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោត ចំនួន ២៣.៦០២ ការិយាល័យ។ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួន ៩.២០៥.៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤.៩០៤.៨៣២នាក់។
ក្នុងនោះដែរ ក៏មានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសរុបជាង ៧ពាន់នាក់ មកពី ៧៦ស្ថាប័ន បានចុះឈ្មោះចូលរួមសង្កេតដំណើរការបោះឆ្នោតនេះ៕