នយោបាយ

ព្រះអង្គម្ចាស់ ចក្រាវុធ មិនបានយាងទៅបោះឆ្នោត

ភ្នំពេញ ៖ លោក ញឿន រ៉ាដែន អ្នកនាំពាក្យ គណបក្សហ៊្វុនស៊ិនប៉ិច បានលើកឡើងថា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច មិនអាចយាងទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះបានទេ ដោយសារមិនបានចុះព្រះនាម នៅក្នុងបញ្ជីឈ្មោះបោះឆ្នោត ។

ឆ្លើយតបទៅនឹងសំណួរ របស់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នារសៀលថ្ងៃ៥ មិថុនា នេះ  ចំពោះការខនខានមិនបាន ទៅបោះឆ្នោតនេះ លោក ញឿន រ៉ាដែន បានថ្លែងថា ដោយសារព្រះអង្គ មិនបានចុះឈ្មោះ ព្រោះអំឡុងពេលចុះឈ្មោះនោះ ព្រះអង្គជាប់រវល់នៅកំដរព្រះបិតា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិនៅពេលព្រះបិតាព្រះឈួនខ្លាំងនៅបារាំង ។ លោកថា នៅពេលព្រះបិតាសោយទិវង្គត ហើយជាប់រៀបចំ ពិធីបុណ្យថ្វាយនៅចុងឆ្នាំ២០២១នោះ ការចុះបញ្ជីបោះឆ្នោតក៏ផុតកំណត់ទៅ។

លោកបញ្ជាក់ថា “មូលហេតុចម្បងសំខាន់ បន្ទាប់ពីសម្តេចក្រុមព្រះ ជួបឧប្បទ្ទវេហេតុចរាចរណ៍ នៅទីក្រុងព្រះសីហនុមក ព្រះអង្គម្ចាស់នរោត្តម ចក្រា វុធ គង់ប្រថាប់មើលព្យាបាលជាមួយ សម្តេចក្រុមព្រះរហូត តាំងពីនៅប្រទេសថៃ រហូតទៅដល់ប្រទេសបារាំង នេះជាមូលហេតុព្រះអង្គ ពុំបានចុះឈ្មោះចូលរួមការបោះឆ្នោត” ។

សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះ គណបក្សរាជានិយមមួយនេះក៏បានចុះឈ្មោះ ប្រកួតប្រជែងផងដែរ ដោយបានធ្វើសកម្មភាព ឃោសនានៅតាមដ្ឋាន ដែលខ្លួនបានចុះឈ្មោះប្រកួត ។ បក្សរាជានិយមនេះ ក៏បានដាក់ចេញគោលនយោបាយ៩ចំណុចផងដែរ ជាពិសេសចំណុចផ្នែកសុខាភិបាល សម្រាប់អនុវត្តនៅឃុំ-សង្កាត់ ពេលទទួលបានអាសនៈ ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឬអាសនៈជាមេឃុំ-ចៅសង្កាត់៕

To Top