ភ្នំពេញ៖ លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមសម្ពន្ធភាព អង្គការ-សមាគម និងវិស័យឯកជន នៅកម្ពុជា និងជាប្រធានសមាគម សហពន្ធវិនិយោគិនកម្ពុជា ដែលបានដឹកនាំសមាជិកជាង១ពាន់នាក់ ចូលរួមសង្កេតការណ៍ ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី៥ មិថុនា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ការបោះឆ្នោត បានប្រព្រឹត្តិទៅដោយរលូន និងមានភាពប្រក្រតីល្អប្រសើរ ស្របតាមការរៀបចំ របស់គណកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប.) ។

បន្ទាប់ពីបញ្ចប់សកម្មភាព ចូលរួមសង្គេតការណ៍ ការបោះឆ្នោត ជ្រើសរើស ឃុំសង្កាត់ អាណត្តិទី៥នេះរួចរាល់ ពោលក្រោយម៉ោង៣រសៀលនេះ លោកបណ្ឌិត ឡី សុភាព បានប្រាប់ឲ្យដឹងថា “សកម្មភាព នៃដំណើរការការបោះឆ្នោតនាថ្ងៃនេះ បានប្រព្រឹត្តិទៅដោយគ្មាន ឧបសគ្គអ្វីឡើយ ហើយមានប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ចូលរួមបោះឆ្នោត ចាប់តាំងពីព្រឹកប្រលឹម រហូតដល់ម៉ោង៣រសៀល បិទបញ្ចប់តែម្តង” ។

លោកបណ្ឌិត ថែមទាំង បញ្ជាក់ទៀតថា ទាំងសណ្តាប់ធ្នាប់ រៀបរយសារធារណៈ ទាំងគ្រប់គណបក្សនយោបាយ និងអ្នកសង្កេតការណ៍ទាំងអស់ បានខិតខំនិងអនុវត្តតួរនាទីរៀងៗខ្លួន បានយ៉ាងល្អប្រសើរ និងបានធ្វើឲ្យការបោះឆ្នោត មានភាពរលូន មិនមានអំពើហិង្សា និងគ្មានការបង្ករចលាចល ណាមួយកើតឡើងឡើយ” ។

ឆ្លៀតក្នុងឱកាសនេះ ប្រធានសមាគមរូបនេះ បានសម្តែងនូវការកោតសរសើរ ទៅលើការដឹកនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ដែលបានដាក់ផែនការច្បាស់លាស់ និងបានជំរុញដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការរក្សានូវសុខសុវត្ថិភាព របស់ប្រជាបលរដ្ឋ ដែលអញ្ជើញមកបោះឆ្នោត និងជាពិសេស បានអរគុណទៅដល់សម្តេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់ស្រោចវ៉ាក់សាំង ដល់ពលរដ្ឋកម្ពុជា និងតាមរយៈ វិធានការប្រយុទ្ធប្រឆាំងកូវីដ បានជោគជ័យ ទើបធ្វើឲ្យកម្ពុជា អាចរៀបចំដំណើរការ បោះឆ្នោតឃុំ-សង្កាត់ បាននាពេលនេះ ។

គួរឲ្យដឹងថា លោកបណ្ឌិត ឡី សុភាព បានដឹកនាំសមាជិក ១៤០៧នាក់ ដែលមកពីសមាគមជាច្រើនដូចជា៖ សមាគមអ្នកលក់ឱសថកម្ពុជា, សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា, សមាគមសហព័ន្ធពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា, សមាគមអ្នកលក់ផ្ទាល់នៅកម្ពុជា, សមាគមសម្ពន្ធភាពកសិកម្ម និងបរិស្ថានកម្ពុជា, សមាគមអាយវីអេសកមម្ពុជា, សមាគមសហព័ន្ធសិប្បកម្ម និងឧស្សាហកម្មកម្ពុជា, សមាគមអ្នកផ្តល់សេវាសុខភាព ប្រជាជនកម្ពុជា, សមាគមសហព័ន្ធការពារ អ្នប្រើប្រាស់កម្ពុជា, សមាគមសហព័ន្ធវេជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា, សមាគមសហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា, សមាគមយុវជនសេដ្ឋកិច្ចកម្ពុជា, សមាគមសហព័ន្ធវិនិយោគិនកម្ពុជា, សមាគមសហព័ន្ធធុរកិច្ច ទីផ្សារបណ្តាញកម្ពុជា និងសមាគមសម្ពន្ធភាព អង្គភាព-សមាគម និងវិស័យឯកជននៅកម្ពុជា ចូលរួមសង្កេតការណ៍ ការបោះឆ្នោត នៅទូទាំង១០៥សង្កាត់ នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ដែលប្រព្រឹត្តទៅចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៣ រសៀលថ្ងៃដដែល។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយ ចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយបានដាក់បេក្ខជន ក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦.០៩២នាក់ ស្ត្រី ២៧.៨១៣នាក់ ក្នុងនោះដែរ ក៏មានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសរុបជាង ៧ពាន់នាក់ មកពី ៧៦ស្ថាប័ន បានចុះឈ្មោះចូលរួម សង្កេតដំណើរការបោះឆ្នោតនេះ៕























