នយោបាយ

គណបក្សឯកភាពជាតិខ្មែរ ប្រកាសទទួលយក លទ្ធផលបោះឆ្នោត

ភ្នំពេញ៖ គណបក្សឯកភាពជាតិខ្មែរ មួយទៀតហើយ បានប្រកាសទទួលយកលទ្ធផល បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ទោះបីមានភាពខ្វះចន្លោះប្រហោងមួយចំនួនក្តី ។

យោងតាមសេចក្តីថ្លែងការណ៍ គណបក្សឯកភាពជាតិខ្មែរ នៅថ្ងៃ៦ មិថុនា បានឲ្យដឹងថា ចាប់តាំងពីដំណើរការរហូតដល់ពេលបោះឆ្នោតរួច សា្ថប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានការទំនាក់ទងល្អ ផ្ដល់ព័ត៌មាន និងឯកសារគ្រប់ជ្រុងជ្រោយដល់គណបក្ស។ ប៉ុន្តែមន្ត្រីគ.ជ.ប ថ្នាក់មូលដ្ឋានខ្លះក៏មានការខ្វះចន្លោះ និងពិបាកទំនាក់ទងគ្នាផងដែរ។

គណបក្សឯកភាពជាតិខ្មែរយល់ឃើញថា មន្ត្រីអាជ្ញាធរថ្នាក់ជាតិពាក់ព័ន្ធកិច្ចការងារ នយោបាយមានការយល់ដឹងខ្ពស់ និងបើកចំហទូលំទូលាយដល់ គ្រប់គណបក្សក្នុងការប្រកួតប្រជែងគ្នា។ ប៉ុន្តែមន្ត្រីអាជ្ញាធរថ្នាក់ក្រោមជាតិ មានមន្ត្រីថ្នាក់ស្រុក និងថ្នាក់ឃុំខ្លះរឹតបន្តឹង និងគំរាមកំហែងខ្លះៗ នៅតាមតំបន់មួយចំនួន ។

គណបក្សគូសបញ្ជាក់ថា យោងតាមហេតុផលជាក់ស្តែងនេះ ទោះបីមានការខ្វះចន្លោះខ្លះ ក៏គណបក្សឯកភាពជាតិខ្មែរ គាំទ្រនិងទទួលយកលទ្ធផលពីការបោះឆ្នោត។ គណបក្សក៏អបអរសាទរដល់គ្រប់ គណបក្សបានឈ្នះឆ្នោត ទទួលអាសន:ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ហើយគណបក្សឯកភាព ជាតិខ្មែរសង្ឃឹមថា គ្រប់គណបក្សនយោបាយទទួលបានក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងបំរើពលរដ្ឋ ដោយយកចិត្តទុកដាក់ អភិវឌ្ឍន៍ឃុំ-សង្កាត់ អនុវត្តច្បាប់ និងផ្ដល់សិទ្ធិសិរីភាពដល់ពលរដ្ឋតាមច្បាប់ ជាធរមាន ។

សូមជម្រាបថា ក្រោយពីគ.ជ.ប ប្រកាសលទ្ធផលបឋម នៃការបោះឆ្នោតឃុំ-សង្កាត់ មានគណបក្សនយោបាយចំនួន៤គាំទ្រ និងទទួលយកលទ្ធផលគឺ ១.គណបក្សយុវជនកម្ពុជា , ២. គណបក្សខ្មែររួមរួមជាតិ , ៣.គណបក្សខ្មែរតែមួយ និងទី៤.គណបក្សឯកភាពជាតិខ្មែរ ។ ប៉ុន្តែក៏មានគណបក្សនយោបាយចំនួនពីរប្រកាសមិនទទួលយក និងសោកស្តាយចំពោះលទ្ធផល និងដំណើរការបោះឆ្នោតគឺ១.គណបក្សភ្លើងទៀន និងគណបក្សកម្ពុជានិយម៕

To Top