ភ្នំពេញ៖ ប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃ៦ មិថុនា បញ្ជាក់ពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅក្នុងទិដ្ឋភាពដ៏ឧឡារិក និងប្រកបដោយភាពស្ងប់ស្ងាត់ យ៉ាងគួរឲ្យកត់សម្គាល់ ទោះបីជាមានលទ្ធផលក្នុងរូបភាពណាក៏ដោយ ។
លោក ម៉ម សូណង់ដូ បានឲ្យដឹងទៀតថា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ក៏ដូចជាគណបក្សនយោបាយស្របច្បាប់ចំនួន ១៦ដទៃទៀតដែរ បានចូលរួមប្រកួតប្រជែងនាឱកាសបោះឆ្នោតនេះ ដែលជាការឆ្លើយតបសមស្របទៅនឹងការកំណត់ក្នុងមាត្រា១ នៃរដ្ឋធម្មនុញ្ញដែលចែងថា កម្ពុជា ជាព្រះរាជាណាចក្រមាន ព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។
លោកថា ជាពិសេស ការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះកររហូតដល់ទៅជាង៧,១ លាននាក់ ស្មើនឹង ៧៧,៩១ % នៃចំនួនអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង៩,២លាននាក់ ។
លោកបន្តថា នេះសបញ្ជាក់ឲ្យឃើញ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា កំពុងវិវឌ្ឍន៍ទៅជាលំដាប់លំដោយជាលក្ខណៈវិជ្ជមាន ហើយដូចមានសក្ខីភាពបញ្ជាក់បន្ថែមពីសំណាក់ក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងស្ថាប័ន អង្គការសហគមន៍អន្តរជាតិនានាជាង៩០ ដែលបានអះអាងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃ៦ មិថុនា ថា «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ
-សង្កាត់ អាណត្តិទី៥ នៅកម្ពុជា មានដំណើរការល្អត្រឹមត្រូវ សេរី មានតម្លាភាព និងយុត្តិធម៌»៕