ព័ត៌មានជាតិ

កូរ៉េ ចាត់ទុកកម្ពុជា ជាដៃគូដ៏សំខាន់ ក្នុងការទទួលជំនួយពី ODA ខណៈឆ្នាំនេះ កម្ពុជាទទួលជំនួយ ១៥០លានដុល្លារ

ភ្នំពេញ ៖ លោក ផាក ហឹងខ្យឹង ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បានថ្លែងថា កម្ពុជា គឺជាដៃគូដ៏សំខាន់ ក្នុងការទទួលជំនួយ ពីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ហើយឆ្នាំនេះកម្ពុជា ទទួលបានជំនួយ ១៥០លានដុល្លារកូរ៉េផងដែរ ។

ក្នុងពិធីប្រគល់-ទទួល អំណោយឱសថ និងបរិក្ខារពេទ្យរបស់ អង្គការចែករំលែកសង្រ្គោះអាយុជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ជូនព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ លោក ផាក ហឹងខ្យឹង បានរំលឹកថា ក្នុងរយៈពេល ២៥ឆ្នាំកន្លងទៅនេះ ទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរ មានការកើនឡើងជាលំដាប់ ជាពិសេវិស័យអភិវឌ្ឍន៍ ក៏ដូចជាការផ្លាស់ប្តូរវប្បធម៌ នៃប្រទេសទាំងពីរ។

លោកបញ្ជាក់ថា «អ្វីពិសេសជាងនេះទៅទៀត គឺប្រទេសកម្ពុជា ជាដៃគូដ៏សំខាន់ក្នុងការទទួលបានជំនួយ ODA ដែលក្នុងឆ្នាំនេះ ប្រទេសកម្ពុជាបានទទួលជំនួយ ១៥០លានដុល្លារ ពីសាធារណរដ្ឋកូរ៉េ ។ ក្នុងនោះ មានអង្គការសង្គមស៊ីវិល ចំនួន១៧របស់កូរ៉េ ដែលកំពុងធ្វើសកម្មភាព លើវិស័យជាច្រើននៅប្រទេសកម្ពុជា ជាពិសេសអង្គការសង្គមស៊ីវិលក្នុងវិស័យអប់រំ ជាវិស័យមួយដ៏សំខាន់ ក្នុងការជួយលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាប្រទេសទាំងពីរ» ។

លោកទូតបន្ដថា កូរ៉េជាប្រទេសបានផ្តល់ជំនួយ ដល់ប្រទេសជាច្រើនលើពិភពលោក ក្នុងនោះមាន កម្ពុជាផងដែរ ។ ជំនួយទាំងអស់នោះមានគោលដៅ សម្រាប់កាត់បន្ថយភាពក្រីក្រ រួមចំណែកជាមួយរដ្ឋាភិបាល នៃប្រទេសជាមិត្ត ដើម្បីឆ្ពោះទៅរកវឌ្ឍនភាព វិបុលភាពទាំងអស់គ្នា ។ លោកថា បច្ចុប្បន្នបញ្ហាប្រទេស មួយ នឹងក្លាយទៅជាបញ្ហា ពិភពលោកទាំងមូល ហើយអ្វីដែលសំខាន់ អង្គការចែករំលែក សង្រ្គោះអាយុជីវិតសកល នៃសាធារណរដ្ឋកូរ៉េ និងចូលរួមចំណែក ផ្តល់ជំនួយមនុស្សធម៌ ដើម្បីឆ្លើយតម និងដោះស្រាយបញ្ហា និងជីវិតរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះនូវបញ្ហាសុខភាព ។

នាឱកាសនោះ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងអ្នកនាំពាក្យព្រឹទ្ធសភាបានថ្លែងឲ្យដឹងថា ជំនួយមនុស្សធម៌ដ៏ថ្លៃថ្លានេះ គឺជាសក្ខីភាពដ៏ពិតប្រាកដ នៃចំណងមិត្តភាព សាមគ្គីភាពរវាង កម្ពុជា-កូរ៉េ ជាពិសេសរវាងព្រឹទ្ធសភាកម្ពុជា ជាមួយអង្គការ ចែករំលែកសង្គ្រោះ អាយុជីវិតសកល ពិតជាឆ្លើយតបនឹងតម្រូវការជាក់ស្តែង របស់ព្រឹទ្ធសភា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេវាសុខភាពសាធារណៈ ការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកាចសាហាវនានា ជាអាទិ៍៖ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺកូវីដ-១៩ ជាដើម ៕

To Top