ភ្នំពេញ: យុវជនជាប់ចោទចំនួន ៤នាក់ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ ត្រូវបានសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ធ្វើការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍ របស់ពួកគេ ជាបើពាក់ព័ន្ធនឹងការព្រួតគ្នា វាយនឹងកាប់សម្លាប់ បុរសជនរងគ្រោះម្នាក់ ដោយរឿងគំនុំ ប្រព្រឹត្តនៅឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តកំពត កាលពីឆ្នាំ២០១៩។
លោក ពៅ ភូស៊ុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ទរណ៍ រាជធានីភ្នំពេញ បានអោយដឹងថា ជនជាប់ចោទ មានទាំង៤នាក់ មានឈ្មោះ៖ ទី ១- ឈ្មោះ ជឿន បុល ភេទប្រុស អាយុ ៤៦ ឆ្នាំ ។ ២- ឈ្មោះ ព្រីន លត់ ភេទប្រុស អាយុ ៥៥ ឆ្នាំ ។ ទី៣ -ឈ្មោះ ធឿន វាសនា ភេទប្រុស អាយុ ២៦ ឆ្នាំ ។ និង ទី៤- ឈ្មោះ ហៀត ចាន់ ភេទប្រុស អាយុ ៣៦ ឆ្នាំ ។
ចំណែកឯជនរងគ្រោះមានឈ្មោះ ម៉ុន វណ្ណា ភេទប្រុស អាយុ ៤៣ ឆ្នាំ មានទីលំនៅ នៅឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តកំពត ។
នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទទាំង៤នាក់ ត្រូវបានសាលាដំបូងរាជធានីខេត្តកំពត កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ម្នាក់ៗ កំណត់ ២០ឆ្នាំ និងបង្គាប់ឱ្យ រួមគ្នា សងជម្ងឺចិត្តដល់គ្រួសារជនរងគ្រោះ ចំនួន ១០០ លានរៀល ពីបទ ” ឃាតកម្មគិតទុកជាមុន ” តាមមាត្រា ២៩ និង ២០០ នៃក្រុមព្រហ្មទណ្ឌ។ តែពួកគេបានប្តឹងបានឧទ្ទរណ៍។
ជនជាប់ចោទទាំង៤នាក់ ត្រូវបាចាប់ខ្លួន កាលពីថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តកំពត ។
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងប្រកាសសាលដីកា សំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃ ទី ១៧ ខែ មិថុនា ឆ្នាំ ២០២២ ៕
ដោយ: លីហ្សា