ព័ត៌មានជាតិ

លោក ឃួង ស្រេង៖ អាជ្ញាធរនឹងគាំទ្រ ពុះពារការពារទ្រព្យសម្បត្តិអ្នកវិនិយោគ ក្រោមម្លប់សន្តិភាព ធ្វើយ៉ាងណាមានទំនុកចិត្ត មកបណ្តាក់ទុនកាន់តែច្រើន

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោមម្លប់សន្តិភាពអាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាល ធានាគាំទ្រ និងការពារទ្រព្យសម្បត្តិ អ្នកវិនិយោគដែលមកវិនិយោគ ធ្វើយ៉ាងណាមានទំនុកចិត្ក និងចូលមកបណ្តាក់ទុនកាន់តែច្រើន ។

ក្នុងឱកាសអញ្ជើញចូលរួម សម្ពោធជាផ្លូវការនៃផ្សារទំនើប ព្រីនស៍ ថាមស៍ សឃ្វែរ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ លោក ឃួង ស្រេង ស្នើក្រុមហ៊ុនឲ្យមានទំនុកចិត្តលើរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធររាជធានីភ្នំពេញ ក្រោមដំបូលនៃសុខសន្តិភាព ក្នុងការបណ្តាក់ទុនវិនិយោគ ដែលនឹងទទួលបានជោគជ័យ ។

លោក ឃួង ស្រេង មានប្រសាសន៍ថា “ពិធីសម្ពោធផ្សារទំនើប ព្រីនស៍នាថ្ងៃនេះ ស្របពេលកម្ពុជា បាននឹងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ ក្រុមប្រឹក្សាឃុំ នៅថ្នាក់ក្រោមជាតិ ស្ថិតនៅក្រោមបរិយាកាសនៃសន្តិភាព ហើយការបោះឆ្នោតមានតម្លាភាព យុទ្ធិធម៌ និងអាចទទួលយកបាន នេះជាចំណុចមួយដែលចង់ បញ្ជាក់ជូនអ្នកវិនិយោគ និងប្រជាពលរដ្ឋទាំងអស់បានជ្រាបថា កិច្ចការងារនេះ គឺស្ថិតនៅក្រោមដំបូលនៃសន្តិភាព ដែលសម្តេចតេជោ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយកម្លាំងចិត្ត ធ្វើពលីកម្មសព្វបែបយ៉ាង ដើម្បីប្រជាជាតិដែលបាត់បង់សន្តិភាព រយៈកាលជាង ៥០០ឆ្នាំកន្លងមក ហើយទើបតែនឹងទទួលបាន សុខដុមរមណីយកម្ម មានសន្តិភាព អភិវឌ្ឍន៍ និងមានការវិនិយោគដូចសព្វថ្ងៃនេះ” ។

អភិបាលរាជធានីភ្នំពេញបន្តថា “ការដាក់ទុនវិនិយោគនៅកម្ពុជា និយាយដោយឡែក នៅរាជធានីភ្នំពេញ ក្រោមដំបូលនៃសុខសន្តិភាព អាចនឹងធ្វើទៅបាន ហើយអាចនឹងទទួលជោគជ័យ ក្នុងនោះអាជ្ញាធរ ថ្នាក់ក្រោមជាតិ ក៏ដូចជារាជរដ្ឋាភិបាល នឹងគាំទ្រពុះពារការពារនូវទ្រព្យសម្បត្តិ ឯកជននៅក្រោមម្លប់សន្តិភាពនេះ ធ្វើយ៉ាងណាឲ្យអ្នកវិនិយោគមានទំនុកចិត្ត ហើយចូលមកបណ្តាក់ទុនច្រើនឡើងៗ” ។

លោក ឃួង ស្រេង ថា ស្ថិតនៅក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី អ្នកវិនិយោគ ត្រូវតែមានភាពកក់ក្តៅនៅក្នុងការបោះទុន ហើយស្ថិតនៅក្នុងកាលទេសៈ នៃការដឹកនាំគណបក្សប្រជាជនកម្ពុជានោះ អ្នកវិនិយោគ ត្រូវមានទំនុកចិត្តយ៉ាងរឹងមាំ ។

នាឱកាសនោះ លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីស្ទេតគ្រុប បានលើកឡើងថា “ក្រុមហ៊ុនបានអភិវឌ្ឍន៍ អាជីវកម្មរបស់ខ្លួននៅទីនេះ ដោយតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍បម្រើកម្ពុជា កសាងកម្ពុជា និងតបស្នងកម្ពុជា ។ ផ្សារទំនើបព្រីនស៍ ថាមស៍ សឃ្វែរ គឺជាស្នាដៃថ្មីមួយទៀតរបស់ក្រុមហ៊ុន ព្រីនស៍ នៅកម្ពុជាដែលមិនត្រឹមតែនាំ មកនូវបទពិសោធន៍ពេញលេញថ្មីៗ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ថែមទាំងបង្កើតការងារបន្ថែមទៀត និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាផងដែរ” ។

គួរឲ្យដឹងថា ផ្សារទំនើប ព្រីនស៍ ថាមស៍ សឃ្វែរ បានប្រមូលផ្តុំម្ចាស់អាជីវកម្មចិននិងខ្មែរជាច្រើន និងជាអគារពាណិជ្ជកម្មខ្នាតធំ ដែលមានមុខងារពេញលេញ នៅក្នុងទីក្រុងភ្នំពេញ ហើយក៏ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដំបូង បង្អស់របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេតគ្រុប ដែលបានបើកដំណើរការជាសាធារណៈ ៕

To Top