ភ្នំពេញ៖ បុរសជាកម្មករដាំចេកមួយរូប ពេលដែលជួបជាមួយអ្នកយកព័ត៌មានយើង បានរៀបរាប់ថា គាត់បានដឹកដើមចេក មកលក់ឱ្យក្រុមហ៊ុន ប៉ុន្តែពេលមកដល់ ក៏បានចតគោយន្តនៅក្នុងរោង ដោយមិនទាន់បាន ដាក់ដើមចេកចុះផង ក៏ត្រូវបានអស់លោកមេព្រៃ ប្រុងគំរាម ចាប់ដាក់គុក ហើយនាំគ្នាលើកក្បាលគោយន្ត ដាក់លើរថយន្ត ចំណែករ៉ឺម៉កគោយន្ត គេបានចងអូសសណ្តោងពីក្រោយ ដែលសកម្មភាពបែបនេះ ហាក់បីដូចជាចូលមកប្លន់អញ្ចឹង។ ក្រោយពេលធ្វើសកម្មភាពរួច ក្រុមមន្ត្រីទាំងអស់នោះ ក៏បានបើករថយន្តចេញទៅ យ៉ាងប្រញាប់ប្រញាល់ ។
ពាក់ព័ន្ធនឹងសកម្មភាពនេះដែរ លោក LAN GUANG YUAN នាយកក្រុមហ៊ុន CCWOWEL ដែលជាក្រុមហ៊ុនអនុវត្តគំរោង ជំនួយកសិកម្មរបស់រដ្ឋាភិបាលចិន នៅប្រទេសកម្ពុជា បានរៀបរាប់ថា ក្រុមហ៊ុនរបស់លោក ចូលមកវិនិយោគ នៅក្នុងប្រទេសកម្ពុជា (ខេត្តកំពង់ស្ពឺ) តាំងពីឆ្នាំ២០១២ ដោយបានសហការជាមួយ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្នុងគម្រោងបណ្តុះបណ្តាលជំនាញជូនកសិករ ក្នុងនោះខេត្តកំពង់ស្ពឺ ក្រុមហ៊ុនបានដាក់ទុនវិនិយោគ ដោយទិញដីពីប្រជាពលរដ្ឋ ដើម្បីធ្វើការដាំដុះដំណាំកសិកម្ម លើផ្ទៃដីប្រមាណជាង ៦០០ហិកតា។
លោកនាយកក្រុមហ៊ុន បានបន្តថា អំឡុងឆ្នាំ២០២១ ក្រុមហ៊ុនបានធ្វើការភ្ជួរសំអាតដី ស្រាប់តែលេចវត្តមានលោក យឹម ណន អនុប្រធានមន្ទីរកសិកម្ម និងលោក ផល មុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ បានចុះមកទារលុយម្តង ជាពីរដង ពីក្រុមហ៊ុនដែលសរុប ជាទឹកប្រាក់ប្រមាណ ជាង១០ម៉ឺនដុល្លារ ដោយលោកទាំង២នាក់នេះ ប្រាប់ថា លុយទាំងអស់នេះ យកទៅឱ្យថ្នាក់លើ រួមទាំងលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ផងដែរ។ ក្រោយមកលោក យឹម ណន និងបក្សពួក ចេះតែរករឿងមិនឈប់ឈរទៀត ជាមួយក្រុមហ៊ុន ទើបក្រុមហ៊ុនសម្រេចចិត្ត ដាក់ពាក្យបណ្តឹង ដើម្បីឱ្យច្បាប់ជួយចាត់វិធានការតែម្តង។
លោកនាយកក្រុមហ៊ុន បានបន្តទៀតថា ក្រោយពេលដែលក្រុមហ៊ុន ដាក់ពាក្យបណ្តឹង ខាងមន្ទីរកសិកម្ម បានតម្រូវឱ្យក្រុមហ៊ុន ដាក់ពាក្យស្នើសុំឈួសឆាយ ប៉ុន្តែនៅពេលដែលពាក្យស្នើសុំ ឈួសឆាយចូលដល់មន្ទីរ លោក ឈៀង តុលា បានចេញលិខិតមួយលេខ ២៩៧ ក.ស.រ.ន.ក.ស្ព. ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ គឺមិនអនុញ្ញាតិ ឱ្យក្រុមហ៊ុនឈួសឆាយឡើយ ដោយសំអាងថា ក្រុមហ៊ុនឈួសឆាយ លើដីគម្របព្រៃរបស់រដ្ឋ។
លោកឆ្ងល់ថា ហេតុអ្វីដីដែលក្រុមហ៊ុនទិញ គឺទិញពីប្រជាពលរដ្ឋ ដែលមានការទទួលស្គាល់ ពីអាជ្ញាធរភូមិ ឃុំ ស្រុក? ចុះហេតុអ្វីបានជាចោទក្រុមហ៊ុនថា ជាក្រុមហ៊ុនចោរ ហើយចង់ចាប់ខ្ញុំជានាយក ក្រុមហ៊ុនដាក់គុកទៀត? ចុះបើដឹងថា ក្រុមហ៊ុនខ្ញុំទិញដីពីចោរ តើលោក យឹម ណន និងលោក ផល មុន្នី មកកៀបយកលុយពីក្រុមហ៊ុនថា យកទៅឱ្យប្រធានមន្ទីរកសិកម្ម និងថ្នាក់លើនោះ ជាអ្វីដែរ?។
លោកបន្តថា នៅពេលដែលក្រុមហ៊ុនប្តឹង ខាងអស់លោកហ្នឹង មន្ទីរបែរជានិយាយសម្របសម្រួល សុំឱ្យក្រុមហ៊ុនដកពាក្យបណ្តឹង នៅពេលក្រុមហ៊ុនមិនព្រមដក អស់លោកនៅតែចងចិត្ត តាមយារយីក្រុមហ៊ុនមិនចេះចប់ ជាក់ស្តែងសូម្បីតែក្រុមហ៊ុនដាំចេក ក្នុងដី ដែលមិនជាប់ក្នុងគម្របព្រៃឈើ ក៏លោកបានបញ្ជាកម្លាំង ឱ្យមកចាប់គោយន្តដឹកដើមចេក យកទៅទុកនៅសង្កាត់រដ្ឋបាលព្រៃឈើ សំរោងទងដែរ ការធ្វើបែបនេះ បង្ហាញយ៉ាងច្បាស់ក្រឡែត លោក ឈៀង តុលា បានចងគំនុំជាមួយ ក្រុមហ៊ុនយ៉ាងពិតប្រាកដ ។
លោកបន្តទៀតថា ក្នុងនាមលោកជាអ្នកវិនិយោគម្នាក់ ពិតជាអស់សង្ឃឹមយ៉ាងខ្លាំង ចំពោះទង្វើ និងសកម្មភាពរបស់មន្ត្រីពាក់ព័ន្ធ និងមន្ទីរកសិកម្មទាំងនេះយ៉ាងខ្លាំង លោកឆ្ងល់ថា ហេតុអ្វីដីដែលនៅជាប់លោក ជាដីស្ថិតក្នុងគំរបព្រៃឈើ ដែលពេលឡេឈូសឆាយ ហើយដាំដំណាំ ដូចជា ដូង និងស្វាយជាដើម។ល។ ហេតុអ្វីអស់លោក មិនហាមឃាត់គេផង រឿងអីមកហាមឃាត់ តែខាងក្រុមហ៊ុន? ឬមួយខ្លាចអំណាចអ្នកទាំងនោះ?
នាយកក្រុមហ៊ុន លោក LAN GUANG YUAN បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឱ្យដឹងផងដែរថា ក្នុងនាមលោកជាអ្នកវិនិយោគទុន ខាងដំណាំកសិកម្មម្នាក់ លោកឆ្ងល់ថា បើដីលោកជាដីគំរបព្រៃឈើ ត្រូវលោកប្រធានមន្ទីរ កសិកម្មខេត្តកំពង់ស្ពឺ ឈៀង តុលា ហាមឃាត់មិនអោយដាំដុះ ចុះហេតុអីដីនៅជាប់ និងជុំវិញដីលោកគេអាចឈូសឆាយ និងដាំដំណាំកសិកម្ម ព្រោងព្រាតដូចជាដូង ស្វាយជាដើមបាន? ហេតុអ្វីលោកមន្ទីកសិកម្មខេត្ត មិនហាមឃាត់គេផង? រឿងអីមកហាមឃាត់តែក្រុមហ៊ុនលោក មិនអោយដាំដុះ? ឬមួយលោកប្រធានមន្ទីរ ខ្លាចអំណាចគេ?
លោក LAN GUANG YUAN សូមសំណូមពរដល់ថ្នាក់ដឹកនាំ ក្រសួងកសិកម្ម និងសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី សូមមេត្តាជួយអន្តរាគមន៍ ឱ្យក្រុមហ៊ុនរបស់លោក ដែលបានចុះបញ្ជីស្របច្បាប់ បានទទួលនូវភាពយុត្តិធម៌ និងស្នើសុំឱ្យប្រព័ន្ធច្បាប់ ចាត់វិធានការ ចំពោះមន្ត្រីខិលខូចទាំងអស់នេះ ទុកជាគំរូ ដើម្បីឱ្យក្រុមហ៊ុនវិនិយោគ របស់ចិនដទៃទៀត មានភាពកក់ក្តៅ កុំឱ្យជួបប្រទះបញ្ហា ដូចក្រុមហ៊ុនរបស់ខ្ញុំទៀត។
ពាក់ព័ន្ធនឹងការលើកឡើង របស់លោកនាយកក្រុមហ៊ុន CCWOWEL ខាងលើនេះដែរ អ្នកយកព័ត៌មានយើង បានទូរស័ព្ទទៅលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម ដើម្បីបំភ្លឺដែរ ដែលចូលចំនួន២ដង ប៉ុន្តែមិនមានអ្នកលើក។ យោងតាមប្រភព ពីមន្ត្រីរដ្ឋបាលព្រៃឈើ ក៏បានបង្ហើបផងដែរថា នៅថ្ងៃទី៣ ខែមិថុនានេះ ក្រុមមន្ត្រីនៃមន្ទីរកសិកម្ម ក្រោមការបញ្ជាពីមេរបស់គេ នឹងចុះទៅដកកូនចេកដែលដាំ នៅលើដីចោលទៀតផង៕