ភ្នំពេញ៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងនាមរដ្ឋាភិបាលខ្លួន បានប្រឆាំងដាច់ខាត ចំពោះប្រទេសខ្លះលាបពណ៌ ចំពោះកិច្ចសហប្រតិបត្តិការ និងប្រាស្រ័យទាក់ទងគ្នារវាងចិន-កម្ពុជា ដោយយកលេសលទ្ធិប្រជាធិបតេយ្យ ដាក់ទណ្ឌកម្ម ស្រេចតែអំពើចិត្ត ប្រើអំណាចជ្រៀតជ្រែង កិច្ចការផ្ទៃក្នុងកម្ពុជា ។
ការថ្លែងរបស់លោកទូត មហាអំណាចចិន ដែលជាមិត្តជិតស្និតរបស់កម្ពុជានេះ បានធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់ រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្ម មូលដ្ឋានសមុទ្ររាម ក្រោមអធិបតីភាព សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ។
លោក វ៉ាង វិនធាន បានឲ្យដឹងទៀតថា ចិនអ្នកជិតខាង គឺជាមិត្តពឹងពាក់បាន ហើយជាដៃគូដ៏ជឿទុកចិត្ត របស់កម្ពុជាជារៀងរហូត ខណៈភាគីចិន រីករាយចំពោះកិច្ចសហប្រតិបត្តិការ ជាមួយភាគីកម្ពុជា។
លោកទូតបានបង្ហញ នូវការកត់សម្គាល់របស់ខ្លួនថា «ប្រទេសខ្លះឃោសនាបំប៉ោងលាបពណ៌ ចំពោះកិច្ចសហប្រតិបត្តិការ និងប្រាស្រ័យទាក់ទងគ្នារវាងចិន-កម្ពុជា យកលេសលទ្ធិប្រជាធិបតេយ្យ ដាក់ទណ្ឌកម្មឯកតោភាគី ស្រេចតែអំពើចិត្ត ប្រើអំណាចយុត្ថាធិការហួសព្រំដែន ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ។ យើងខ្ញុំប្រឆាំងដាច់ខាតចំពោះទង្វើទាំងអស់នេះ»។
លោកបន្ដថា បទពិសោធន៍មិនអាចកាត់ថ្លៃបាន ក្រោយចិន និងប្រទេសអាស៊ាន រង់ចាំកម្ពុជាបង្កើតទំនាក់ទំនងកិច្ចសន្ទនា គឺប្រកាន់ខ្ជាប់គាំពារសន្ដិភាព ប្រឆាំងការកកើតសង្គ្រាម ប្រកាន់ខ្ជាប់ស្ថេរភាព និងកិច្ចសហប្រតិបត្តិការ ហើយក៏ប្រឆាំងការតតាំង និងប្រឈមមុខដាក់គ្នា ជាពិសេសប្រកាន់ខ្ជាប់ផលប្រយោជន៍ ទៅវិញទៅមក ព្រមទាំងប្រកាន់ខ្ជាប់បើកជំហរ បរិយាប័នប្រឆាំងអំពើបំបែកបំបាក់គ្នា ។
ជាងនេះទៅទៀត លោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានលើកឡើងថា ប្រទេសខ្លះរួមគ្នាជាមួយប្រទេស ក្នុងតំបន់ប្រើគ្រប់វិធីសាស្ដ្រ និងកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក រកល្បិចកលបំបែកបំបាក់គ្នានោះ គួរជៀសវាង ដោយងាកមកកសាងមិត្ត ជ្រៀសជាងបង្កើតក្រុមតូចៗ បិទជិតពហិការប្រទេសផ្សេងៗ ប្រព្រឹត្តិទង្វើមានអំណោយផលដល់សន្ដិភាព និងការអភិវឌ្ឍ ជៀសជាងបង្កើតចលនាក្នុងតំបន់ ៕