ភ្នំពេញ ៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានថ្លែងថា ប្រទេសចិន គ្មានបំណងគ្រប់គ្រងប្រទេសកម្ពុជា ឬប្រទេសណាមួយនោះទេ ហើយផ្ទុយទៅវិញ ចិនមានបំណងប្រាថ្នា ចង់ឲ្យពិភពលោករួបរួមគ្នា ដើម្បីទទួលបានសុភមង្គល។
ក្រោយបញ្ចប់បើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម ក្រោមអធិបតីភាព សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ លោក វ៉ាង វិនធាន បានឲ្យដឹងថា ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យកងទ័ពចិន-កម្ពុជា មិនសម្រាប់សំដៅទៅប្រទេសទី៣ឡើយ។ លោកថា ប្រទេសមួយចំនួនវាយប្រហារទៅលើគម្រោងអភិវឌ្ឍន៍កំពង់ផែនរាមនោះ គឺមានបំណងផ្តេសផ្តាស ដោយនិយាយខុសពីការពិត។
លោកថ្លែងបញ្ជាក់ថា «ប្រទេសចិន មិនចង់ក្លាយទៅជាប្រទេសខ្លាំងគ្រប់គ្រងប្រទេស(កម្ពុជា)នោះទេ ប្រទេសចិនមានវប្បធម៌ប្រពៃណីទន់ភ្លន់ ចង់គ្រប់គ្រងតែប្រទេសរបស់ខ្លួនឲ្យបានល្អ ហើយដឹកនាំប្រជាជន គ្រប់គ្រងប្រទេសខ្លួនឯងបានល្អប៉ុណ្ណឹងបានហើយ។ ឥឡូវនេះ ប្រទេសចិនមានផ្នត់គំនិត បង្កើតវាសនាមនុស្សជាតិតែមួយ ដូច្នេះប្រទេសចិន មានបំណងប្រាថ្នា ចង់ឲ្យពិភពលោករួបរួមគ្នា ដើម្បីទទួលបានសុភមង្គលសប្បាយរីករាយ នៅលើពិភពលោក»។
លើសពីនេះ ឯកអគ្គរដ្ឋទូតចិនបន្ថែមថា នៅលើពិភពលោក ប្រទេសដែលមានកងទ័ពនៅក្រៅប្រទេស មិនមែនជាប្រទេសចិនទេ។ លោកថា ដើម្បីបង្កើនកិត្យានុភាពកម្លាំងខ្លួនឯង ក៏មិនមែនប្រទេសចិននោះទេ ដូច្នេះទោះបីជាថ្ងៃក្រោយជួបសម្ពាធ និងបញ្ហាប្រឈមជាច្រើនយ៉ាងណាក៏ដោយ ក៏កម្ពុជា-ចិន នឹងជម្នះឧបសគ្គនៅថ្ងៃក្រោយ ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
