ព័ត៌មានជាតិ

អគ្គនាយក ប.ស.ស. បានផ្ដល់កិត្តិយសចូលរួម កិច្ចប្រជុំលើកដំបូង ក្នុងគម្រោងការងារមួយ ជាមួយតំណាងអង្គការអន្តរជាតិខាងការងារ (ILO)

ភ្នំពេញ៖ បន្ទាប់ពីមានកិច្ចប្រជុំពិភាក្សា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ រវាង ប.ស.ស. និងអង្គការអន្តរជាតិខាងការងារ (ILO) ស្តីពី”កំណែទម្រង់របបសោធន សម្រាប់មន្រ្តីសាធារណៈ” និង ផែនការការងារស្តីពី “ការងារហិរញ្ញវត្ថុ និងការវិនិយោគរបស់ ប.ស.ស. កន្លងមក នាព្រឹកថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពិភាក្សាលើប្រធានបទ ស្តីពីការងារវាយតម្លៃហានិភ័យ ហិរញ្ញវត្ថុរបស់ ប.ស.ស.។

កិច្ចប្រជុំពិភាក្សារយៈពេល ពេញមួយព្រឹកនេះ បានប្រព្រឹត្តទៅយ៉ាងយកចិត្តទុកដាក់បំផុត ទាក់ទងទៅនឹងសារៈសំខាន់ នៃការវាយតម្លៃ ហានិភ័យហិរញ្ញវត្ថុ និងតម្លៃបន្ថែមនៃការងារ ដើម្បីវាយតម្លៃលើនិរន្តរភាព ហិរញ្ញវត្ថុនៃប្រព័ន្ធសន្តិសុខសង្គម ស្ថានភាពហិរញ្ញប្បទាននិងមូលនិធិ ភាពគ្រប់គ្រាន់ ផ្នែកតាវកាលិក ព្រមទាំងសមភាពនិងការផ្តល់លទ្ធផល។

ផ្ទាំងពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ អង្គប្រជុំក៏បានពិភាក្សា ឈ្វេងយល់បន្ថែម លើការអភិវឌ្ឍហិរញ្ញវត្ថុ បច្ចុប្បន្ននិងអនាគត សម្រាប់របបសន្តិសុខសង្គម មូលហេតុនៃ ឱនភាពបច្ចុប្បន្ន និងឱនភាពនាថ្ងៃអនាគត ដែលអាចកើតមាន ព្រមទាំងភាពគ្រប់គ្រាន់ នៃកម្រិតតាវកាលិក និងភាពត្រឹមត្រូវរបស់ប្រព័ន្ធ ជាពិសេសកត្តា ដែលបានជះឥទ្ធិពលលើការចំណាយ និងនិរន្តរភាពនៃរបបសន្តិសុខសង្គមផងដែរ។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំធំ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួម ពីតំណាងនិយោជក និងកម្មករនិយោជិត តំណាងអង្គការអន្តរជាតិ ខាងការងារ (ILO) និងថ្នាក់ដឹកនាំ មន្ត្រីជំនាញ ប.ស.ស. សរុបប្រមាណជាង ២០រូប៕

To Top