ព័ត៌មានជាតិ

តុលាការកំពូល ជម្រះបណ្តឹងសារទុក្ខ បុរសចិនម្នាក់ ពាក់ព័ន្ធការបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ និងបណ្តាលឲ្យស្លាប់ និងរបួសកម្មករខ្មែរ ជាច្រើននាក់ 

ភ្នំពេញ: ពិរុទ្ធជនចិនម្នាក់ កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ត្រូវបានតុលាការកំពូល ធ្វើការជំនុំជម្រះ លើបណ្តឹងសារទុក្ខ របស់គាត់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោសគាត់ដាក់ពន្ធនាគារ កំណត់៣ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការបាក់រលំអគារ កម្ពស់៧ជាន់  នៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីអំឡុង ខែមិថុនា ឆ្នាំ២០១៩ និងបណ្តាលឲ្យមនុស្សស្លាប់២៨នាក់ និងរបួស២៦នាក់ផ្សេងទៀត  ។

លោក ជីវ កេង ជាប្រធានចៅក្រមប្រឹក្សា ជំនុំជម្រះនៃតុលាការកំពូល បានថ្លែងអោយដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ Cheng Kun ភេទប្រុស អាយុ ៤២ឆ្នាំ ជាជនជាតិចិន មុខរបរជាពាណិជ្ជករ មានទីលំនៅ មុនឃាត់ខ្លួននៅនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

នៅក្នុងសំណុំរឿងក្តីនេះ ជនត្រូវចោទ ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃ ទី៣០ ខែកក្កដា ឆ្នាំ ២០២០ ផ្តន្ទាទោសដាក់ដាក់ពន្ធនាគារ កំណត់៣ឆ្នាំ និងបង្គាប់ឱ្យគាត់ត្រូវសងជម្ងឺចិត្ត ចំនួនពី២០លានរៀល ទៅ១០០លានរៀល ទៅក្រុមគ្រួសាររបស់ ជនរងគ្រោះក្នុងម្នាក់ៗ ដែលមាននៅក្នុងសំណុំរឿងក្តីនេះ។

ជនជាប់ចោទនេះ ត្រូវជាប់ចោទពីបទ មនុស្សឃាតដោយអចេតនា, បង្កឲ្យមានរបួសដោយអចេតនា និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារបង្ករបួសស្នាមដល់អ្នកដទៃ ” តាមមាត្រា២០៧ មាត្រា២៣៦ និងមាត្រា៤១៩ នៃក្រមព្រហ្មទណ្ឌ។

តុលាការកំពូលនឹងប្រកាសដីកា សំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ៕ ដោយ: លីហ្សា

To Top