ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅនេះ បានក្លាយជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលបានបង្ហាញ ឱ្យឃើញកាន់តែច្បាស់ ពីការរីកលូតលាស់ នៃលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ខណៈដែលការបោះឆ្នោតនេះ បានប្រព្រឹត្តិទៅដោយរលូន ត្រឹមត្រូវ តម្លាភាព និងគ្មានការគម្រាមកំហែងអ្វីឡើយ ។
លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅកម្ពុជាថ្មីៗនេះ គឺបានធ្វើឡើងតាមច្បាប់ និងបទបញ្ញាត្តិទាំងឡាយដែលមានជាធរមាន ។
ជាមួយគ្នានោះលោកបញ្ជាក់ថា ការបោះឆ្នោតថ្មីៗនេះ បានប្រព្រឹត្តិទៅក្រោមក្រសែភ្នែកអ្នកអង្កេតការណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនហើយ ហើយក៏មិនមានសកម្មជន គណបក្សណាមានគ្រោះថ្នាក់មានអំពើហិង្សា ហូតដល់បាត់បង់អាយុជីវិតឡើយ ។
សំឡេង៖« ក្រោយពីតាមដានជាក់ស្តែង យើងឃើញថា មិនមានអំពើហិង្សា ការគំរាមកំហែង ការបង្ខិតបង្ខំឬសកម្មភាពណាខុសច្បាប់ឡើយ ដែលនេះជាចំណុចមួយបង្ហាញ ពីភាពចាស់ទុំរបស់អ្នកនយោបាយរបស់យើង »។
លោកបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយ ឯកអគ្គរាជទូត-រដ្ឋទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្តីពី ដំណើរការប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នៅសាលប្រជុំបាយ័ន នៃវិមានរដ្ឋសភា ។
លោក ឌឹម សុវណ្ណារុំ សមាជិក និងជាប្រធានប្រតិកម្មព័ត៌មាន នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍ថា នៅក្នុងការបោះឆ្នោតនេះ មានគណបក្សចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយមានបេក្ខជនសរុបចំនួន៨៦.០៩២នាក់ ក្នុងនោះមានស្ត្រីចំនួន២៧.៨១៣នាក់ ។ អ្វីដែលគួរឱ្យកត់សម្គាល់គឺតាំងពីក្នុងដំណាក់ កាលបើកយុទ្ធនាការបោះឆ្នោត រហូតដល់ថ្ងៃបោះឆ្នោត និងការប្រកាសលទ្ធផលបឋម ឃើញថាបានប្រពឹត្តទៅយ៉ាងរលូននិងមិន មានបាតុភាពអ្វីឡើយ ។
តាមរយៈការប្រកាសលទ្ធផលបណ្តោះអាសន្នរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យដឹងថាមានប្រជាជនចំនួន៧,១២លាននាក់ស្មើនឹងជាង៧៧,៩១%នៃអ្នកចុះឈ្មោះបោះឆ្នោតបានចេញទៅបោះឆ្នោតដោយទឹកមុខរីករាយ។យោងតាមលទ្ធផលបឋមនេះដែរបានឱ្យដឹងថាគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រដ៏ច្រើនលើសលប់រហូតទៅដល់៧៤,៣២%ដោយមានអ្នកបោះឆ្នោតគាំទ្រចំនួន៥.៣៥៣.០៣០សំឡេង។បើផ្អែកទៅលើតួលេខបឋមគឺគណបក្សប្រជាជនកម្ពុជានឹងទទួលដឹកនាំធ្វើជាមេឃុំ ចៅសង្កាត់ស្ទើរគ្រប់ឃុំសង្កាត់ទាំងអស់ក្នុងទូទាំងប្រទេស។
នៅពេលដែលប្រជាជនកម្ពុជា ទូទាំងប្រទេសកំពុងសម្តែង ក្តីសប្បាយរីករាយអបអរសាទរ ចំពោះជោគជ័យ នៃដំណើរការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់នេះក៏មានគណបក្សនយោបាយ មួយចំនួនដែលចូលរួមប្រកួតប្រជែង បានចេញសេចក្ដីថ្លែងការណ៍ ទទួលយកលទ្ធផលដោយភាពក្លាហាន និងការទទួលខុសត្រូវខ្ពស់ ចំពោះប្រជាជន ដែលជាម្ចាស់ឆ្នោត។ ជាមួយគ្នានេះដែរ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃការបោះឆ្នោតនេះផងដែរ ។
ការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់នាពេលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញ នូវជំហានរីកលូតលាស់នៃ លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយនេះ គឺជាមោទនភាព ដ៏ធំធេងសម្រាប់ប្រជាជាតិ ។ ម៉្យាងវិញទៀតជោគជ័យនេះ ក៏បង្ហាញថា ប្រជាជនកម្ពុជា បានសម្រេចចិត្តយ៉ាងត្រឹមត្រូវបំផុត ក្នុងការជ្រើសយកសន្តិភាព និងការអភិវឌ្ឍសម្រាប់ជីវភាព របស់ខ្លួនតទៅថ្ងៃអនាគត ។ លទ្ធផលនៃការបោះឆ្នោតនេះ ក៏បង្ហាញផងដែរអំពីភាព ចាស់ទុំខាងនយោបាយ របស់បណ្តាអ្នកនយោបាយ និងប្រជាជនកម្ពុជាទូទៅ ជាពិសេសបានឆ្លុះបញ្ចាំង ឱ្យឃើញយ៉ាងច្បាស់អំពីជំហានរីកលូតលាស់នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាយើង ដែលគ្មានអ្នកណាម្នាក់ អាចបដិសេធបានឡើយ ។
សរុបសេចក្តីមក អ្វីដែលអ្នកនយោបាយត្រូវធ្វើបន្តទៀតនោះមិនថា អ្នកមកពីគណបក្ស នយោបាយណានោះទេ ត្រូវតែរួបរួមសាមគ្គីធ្វើការ ជាមួយគ្នាដោយស្រុះស្រួលចិត្ត បម្រើប្រជាជនដោយក្តីស្មោះស្ម័គ្របំផុត ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា បន្តថែរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខទៀត ដើម្បីតបស្នងសងគុណ ចំពោះប្រជាជនដែលជាម្ចាស់ឆ្នោត ។
ពោលគឺអ្នកនយោបាយ ដែលនឹងចូលកាន់តំណែងជាមេឃុំ-ចៅសង្កាត់ ឬសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ ត្រូវតែដាក់ចិត្តកាយ បម្រើប្រជាជន ឱ្យអស់ពីសមត្ថភាព លើកកម្ពស់ និងថែរក្សាការពារផលប្រយោជន៍ ប្រជាជនឱ្យបានល្អ ដើម្បីឱ្យសក្តិសមនឹងការផ្ដល់ជំនឿទុកចិត្ត របស់ប្រជាជន ដែលបានផ្តល់មកលើគណបក្ស នយោបាយ ដែលបានជាប់ឆ្នោតទាំងអស់៕ អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន