ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ឲ្យការពារការចម្លង ជំងឺពងបែក ដៃ ជើង និងក្នុងមាត់ ក្រោយរកឃើញ លើកុមារនៅខេត្តមួយចំនួន

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវការពារការចម្លង នៃជំងឺពងបែក ដៃ ជើង និងក្នុងមាត់ ក្រោយរកឃើញកើតលើ កុមារនៅតាមបណ្ដាល ខេត្តមួយចំនួន។

យោងតាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ជំងឺពងបែកនៅ ដៃ ជើង និងក្នុងមាត់ គឺជាជំងឺឆ្លងដែលបង្កឡើង ដោយវីរុស ច្រើនកើតមានចំពោះទារក និងកុមារ ភាគច្រើនលើកុមារ ដែលមានអាយុតិចជាង១០ឆ្នាំ ជាពិសេស កុមារអាយុក្រោម៥ឆ្នាំ ។

ក្រសួងបន្ដថា ជំងឺនេះកើតមាននៅកម្ពុជា តាំងពីឆ្នាំ២០១២ ហើយក៏ជាជំងឺ ដែលកើតមាននៅប្រទេសជាច្រើន លើពិភពលោកផងដែរ។ ជំងឺពងបែកនៅដៃ ជើង និងក្នុងមាត់ ខុសពីជំងឺជើង និងមាត់ ដែលកើតឡើងចំពោះសត្វគោ។ ជំងឺពងបែក នៅដៃ ជើង និងក្នុងមាត់ មិនឆ្លងទៅ ឬចម្លងមកពីសត្វចិញ្ចឹម សត្វពាហនៈដទៃឡើយ ។

ក្រសួងបន្ថែមថា ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ បង្កដោយអង់តេរ៉ូវីរុស (Enterovirus) ដែលភាគច្រើនដោយវីរុស កុកសាគី (Coxsacdevirus) ហើយជាទូទៅបណ្តាលឲ្យមានជំងឺស្រាល ។ ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ ក៏អាចបង្កឡើងដោយ Enterovirus 71 (EV-71) ដែលមួយចំនួនអាចបង្កឲ្យមានជាផលវិបាកធ្ងន់ធ្ងរ និងឈានដល់ស្លាប់។

សូមបញ្ជាក់ថា ជំងឺនេះជាទូទៅ ចាប់ផ្តើមឡើងដោយមានក្ដៅខ្លួន ការហូបចុកថយចុះ អស់កំលាំង និងឈឺបំពង់ក។ ស្បែកមានរមាស់ចាប់ផ្តើមចេញ ក្នុងកំឡុងពេល១ទៅ ២ថ្ងៃ ដោយមានស្នាមចំណុចក្រហមអុចៗ និងខ្លះមានពងបែក នៅលើបាតដៃ បាតជើង ក្នុងមាត់ និងពេលខ្លះលើគូថ ឬ អវៈយវៈភេទ ៕

To Top