ភ្នំពេញ ៖ លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ កោតសរសើរ ចំពោះគណៈអភិបាលរាជធានីភ្នំពេញ, មន្រ្តីរាជការអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ ពិសេសគណៈបញ្ជាការ ឯកភាពខណ្ឌ សង្កាត់ បានបំពេញភារកិច្ច ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងកិច្ចការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ធ្វើឲ្យដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រព្រឹត្តទៅដោយជោគជ័យ រលូន និងគ្មានអំពើហិង្សា ។
![](https://dap-news.com/wp-content/uploads/2022/06/photo_2022-06-09_12-25-06-1-1024x682.jpg)
ការលើកឡើង របស់ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានធ្វើឡើង ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៣៧របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាថ្ងៃទី៩ ខែមិថុនា ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
![](https://dap-news.com/wp-content/uploads/2022/06/photo_2022-06-09_12-25-09-1-1024x682.jpg)
លោក ម៉ប់ សារិន លើកឡើងថា ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង បានបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុង កិច្ចការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ធ្វើឲ្យដំណើរការយុទ្ធនាការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយជោគជ័យ រលូន គ្មានអំពើហិង្សា និងបានខិតខំប្រឹងប្រែង ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរ នៅតាមដងផ្លូវក្នុងខែឧសភា ឆ្នាំ២០២២កន្លងមកនេះ បានល្អប្រសើរ។
![](https://dap-news.com/wp-content/uploads/2022/06/photo_2022-06-09_12-25-02-1-1024x682.jpg)
លោកបន្តថា ក្នុងខែឧសភា ឆ្នាំ២០២២ ឃើញថា មានកំណើនបរិមាណ នៃការប្រមូលសំរាមជាមធ្យមក្នុង១ថ្ងៃ (៣៧៩៥,៧៣តោន) ហើយត្រូវបាន ក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនបានល្អ និងទាន់ពេលវេលា។ ទោះបីជាយ៉ាងណាក្តី លោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើសុំឲ្យបន្តការ ផ្សព្វផ្សាយ អំពីការប្រមូលវេចខ្ចប់ ការបញ្ចេញសំរាម តាមពេលកំណត់ដល់ខណ្ឌ ដែលមិនទាន់បានផ្សព្វផ្សាយ។
ក្នុងនោះដែរ លោក ឃួង ស្រេង ក៏បានជម្រុញស្ថាប័នពាក់ព័ន្ធ ពិសេសមន្ទីរសុខាភិបាល និងមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ ជម្រុញការចាក់វ៉ាក់សាំង ជូនកុមារបានគ្រប់ដូស ទៅតាមការកំណត់ របស់ក្រសួងសុខាភិបាល។
![](https://dap-news.com/wp-content/uploads/2022/06/photo_2022-06-09_12-25-13-1-1024x682.jpg)
លោកថា នៅលើពិភពលោក គេបានទទួលស្គាល់រួចហើយថា កម្ពុជា ជាប្រទេសមួយទទួលបានការចាក់វ៉ាក់សាំងល្អជាងគេ ដោយរហូតមកដល់ពេលនេះ មិនមានអ្នកឆ្លងជំងឺកូវីដ-១៩នោះទេ។ ដូច្នេះការងារនេះត្រូវរួមគ្នាប្រឹងប្រែងបន្ថែមទៀត ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)