ព័ត៌មានជាតិ

សម្ដេចម៉ែ ៖ ព្រះរាជវង្សខ្មែរ នឹងបន្តយាងចូលរួមជាកម្លាំង ជំរុញទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ឲ្យមានការអភិវឌ្ឍឥតឈប់ឈរ (Video)

ភ្នំពេញ ៖ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានមានប្រះរាជបន្ទូលទៅកាន់លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាថា ព្រះរាជវង្សានុវង្សកម្ពុជានឹងបន្តយាងចូលរួម ជាកម្លាំងក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ហើយក៏បន្តរួមចំណែកជាកម្លាំង ក្នុងការជំរុញទំនាក់ទំនងប្រទេសទាំងពីរឲ្យមានការអភិវឌ្ឍឥតឈប់ឈរផងដែរ ។

កាលពីថ្ងៃទី៩ មិថុនា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងភរិយា បានអញ្ជើញធ្វើដំណើរទៅកាន់ព្រះបរមរាជវាំង ដើម្បីថ្វាយព្រះសព្វសារធុការពរជ័យ ចំពោះសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល នាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម របស់ព្រះអង្គផ្ទាល់នាពេលខាងមុខ ។

ជាដំបូងលោកឯកអគ្គរដ្ឋទូត បានពាំនាំពាក្យពេជន៍សួរព្រះរាជសុខទុក្ខ និងព្រះសព្ទសាធុការពរជ័យសិរីសួស្តី ជ័យមង្គលរបស់ថ្នាក់ដឹកនាំចិន ថ្វាយចំពោះសម្ដេចព្រះមហាក្សត្រី។ លោកក៏បានតំណាងឲ្យមន្ត្រីគ្រប់រូប នៃស្ថានទូតចិនប្រចាំកម្ពុជា ថ្វាយព្រះពរព្រះអង្គមានព្រះបញ្ញាញាណឈ្លាសវៃ ព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូរណ៌ និងមានព្រះជន្មាយុយឺនយូរ។

ផ្ទាំងពាណិជ្ជកម្ម

លោកទូតចិនបន្តថា ឆ្នាំនេះគឺគម្រប់ខួបយាងចូល ១០០ព្រះវស្សា របស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ស្ថានទូតចិននឹងមានការរៀបចំ សកម្មភាពផ្សេងៗជាច្រើនដោយយកចិត្តទុកដាក់ ដើម្បីជាការរំលឹកព្រះគុណរបស់សម្ដេច «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានលះបង់ព្រះកាយពល យ៉ាងធំធេងក្នុងការអភិវឌ្ឍន៍ ទំនាក់ទំនងប្រទេសទាំងពីរ ដើម្បីជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងពីរប្រទេសបន្តស្វែងយល់កាន់តែស៊ីជម្រៅនិងចូលរួមយ៉ាងសកម្មក្នុងចំណងមិត្តភាពរវាងចិននិងកម្ពុជា។ ចិននិងកម្ពុជាជាមិត្តដែកថែប យ៉ាងពិតប្រាកដ។ ស្ថិតក្រោមការយកចិត្តទុកដាក់ដោយផ្ទាល់ពី ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ភាគីទាំងពីរកំពុងតែជំរុញយ៉ាងសកម្មកិច្ចសហប្រតិបត្តិការជាក់ស្តែង លើបណ្ដាវិស័យ និងចូលរួមកសាងសហគមន៍វាសនា រួមប្រកបដោយអត្ថន័យយុទ្ធសាស្រ្ត។

សម្ដេចព្រះមហាក្សត្រី បានថ្លែងអំណរគុណចំពោះពាក្យពេជន៍ សួរព្រះរាជសុខទុក្ខរបស់ថ្នាក់ដឹកនាំចិន ថ្វាយចំពោះព្រះអង្គ។ ព្រះអង្គមានព្រះរាជបន្ទូលថា មិត្តភាពជាប្រពៃណីរវាងកម្ពុជា-ចិន ត្រូវបានបង្កើតដោយផ្ទាល់ និងបីបាច់ថែរក្សាយ៉ាងយកចិត្តទុកដាក់ពីសម្ដេច«ព្រះបរមរតនកោដ្ឋ»និងថ្នាក់ដឹកនាំចិនជំនាន់មុន បានក្លាយជាមិត្តភាពដែកថែបដែលមិនអាចបំបែកបាន។ ចាប់តាំងពីកម្ពុជាមានការផ្ទុះឡើងនូវជំងឺកូវីដ១៩មក ចិនបានបញ្ជូនក្រុមអ្នកជំនាញ ផ្នែកវេជ្ជសាស្ត្រមកកាន់កម្ពុជាយ៉ាងឆាប់រហ័ស ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ បានផ្តល់ជំនួយជាវ៉ាក់សាំង និងជាសម្ភារៈយ៉ាងច្រើនមកកាន់កម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

ព្រះអង្គក៏បានថ្លែងអំណរគុណ ដល់ភាគីចិនដែលតែងផ្តល់ជំនួយដ៏មានតម្លៃ មកកាន់កម្ពុជាដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងវឌ្ឍនភាពសង្គម ៕

To Top