ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា ជំងឺគ្រុនឈាមក្នុងអំឡុង ២២សប្ដាហ៍ដើមឆ្នាំ២០២២នេះ ចំនួន ១,៣៥៤ករណី ក្នុងនោះ ស្លាប់ចំនួន ៣ករណី។
យោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១០ មិថុនា បានបញ្ជាក់ថា «សូមជម្រាបជូនសាធារណជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់មេត្តាជ្រាបថា ជំងឺគ្រុនឈាមក្នុងអំឡុង ២២សប្តាហ៍ដើមឆ្នាំ២០២២នេះ មានចំនួន ១,៣៥៤ករណី ក្នុងនោះស្លាប់ចំនួន ៣ករណី។ ករណីគ្រុនឈាមបានកើនឡើងជាង១០០% បើធៀបនឹងឆ្នាំ២០២១ក្នុងរយៈពេលដូចគ្នា»។
លើសពីនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមចលនាកាត់បន្ថយ និងទប់ស្កាត់ការកកើតសត្វ មូស ដោយប្រកាន់ខ្ជាប់នូវគោលជំហរជាប្រជាជនគម្រូមួយរូប ស្របនឹងពាក្យស្លោក «ខ្ញុំ និងគ្រួសារ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំ គ្មានដង្កូវទឹក»។
លោករដ្ឋមន្ដ្រី ក៏បានណែនាំអាជ្ញាធរមូលដ្ឋាន ក្រសួង មន្ទីរ ឬអង្គភាពពាក់ព័ន្ធ អង្គការសុខភាពពិភពលោក អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ជាតិ និងអន្តរជាតិទាំងអស់ បន្តចូលរួមជួយអន្តរាគមន៍ និងសហការពេញលេញ ព្រមទាំងបន្តជួយឧបត្ថម្ភគាំទ្រ ក្នុងការចូលរួមជាមួយកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ របស់ក្រសួងសុខាភិបាល ក៏ដូច ជាជួយដល់ មន្ទីរសុខាភិបាលរាជធានី-ខេត្ត ដើម្បីទប់ស្កាត់ការចម្លង ជំងឺគ្រុនឈាមនៅតាមសហគមន៍ ឲ្យកាន់តែ មានប្រសិទ្ធភាពខ្ពស់ ដើម្បីចៀសផុតពីជំងឺគ្រុនឈាម ដែលអាចនឹងផ្ទុះឡើងបានគ្រប់ពេលនេះផងដែរ៕