ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានប្រកាសដាក់ឲ្យប្រើប្រាស់ នូវច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
យោងតាមព្រះរាជក្រមរបស់ ព្រះមហាក្សត្រ បានឲ្យដឹងថា មាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ត្រូវបានធ្វើវិសោធនកម្ម ដូចតទៅ៖
ទី១-គណៈអភិបាលរាជធានីភ្នំពេញ មានចំនួនយ៉ាងច្រើន១១រូប។
ទី២-គណៈអភិបាលខេត្តមានចំនួន៧ រូប ទៅ១១ រូប។
ទី៣-គណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួន៥ រូប ទៅ៧ រូប។
ជាងនេះទៅទៀត ចំនួនជាក់ស្ដែងនៃគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕