ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២២នេះ បានសម្រេចឃុំខ្លួន អតីតស្នងការរងនគរបាល ខេត្តកណ្តាល ឈ្មោះ លោក ស្រេង សុខា ហៅទ្រី ភេទ ប្រុស អាយុ៤០ឆ្នាំ នៅក្នុងពន្ធនាគារ ជាបណ្តោះអាសន្ន ដើម្បីរងចាំដោះស្រាយ តាមផ្លួវច្បាប់ ជាប់ពាក់ព័ន្ធនឹងបទល្មើស ការប្រើអំពើហិង្សា ទៅលើអ្នកកាន់កាប់អចលនវត្ថុ ដោយសុចរិត ប្រព្រឹត្តនៅក្នុងខេត្តកណ្តាល កាលពីឆ្នាំ ២០២១។
យោងតាមដីកា របស់តុលាការបានអោយដឹងថា នៅក្នុងរឿងក្តីនេះ ជនត្រូវចោទឈ្មោះ ស្រេង សុខា ហៅ ទ្រី ត្រូវបានតំណាង អយ្យការចោទប្រកាន់ ពីបទ «ប្រើអំពើហិង្សា ទៅលើអ្នកកាន់កាប់អចលនវត្ថុ ដោយសុចរិត» ប្រព្រឹត្តនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ តាមមាត្រា២៥៣នៃច្បាប់ភូមិបាល ។
ឈ្មោះ ស្រេង សុខា ត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ច នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាល ខេត្តកណ្តាល កាលពីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២២ ដីកាបង្គាប់អោយច្បាប់របស់លោក រស់ ផុនចាន់និមល ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តកណ្តាល ដែលបានចេញកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ៕
ដោយៈ លីហ្សា