ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ស្អែកនេះ នឹងអញ្ជើញប្រគល់សញ្ញាបត្រ ជូនសិស្សសាលាភូមិន្ទរដ្ឋបាល ជាង២ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ ជ្រោយចង្វារ រាជធានីភ្នំពេញ ។
យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់សាលាភូមិន្ទរដ្ឋបាល បានឱ្យដឹងថា ព្រឹតិការណ៍នៃការប្រារព្ធពិធីនេះ ជាលើកទី១ហើយ សម្រាប់សាលាភូមិន្ទរដ្ឋបាល បន្ទាប់ពីស្ថានភាពនៃជំងឺកូវីដ១៩ នៅកម្ពុជាបានធូរស្បើយ ហើយការរស់នៅនិងប្រកបការងារប្រចាំថ្ងៃ របស់ប្រជាជនទូទៅ បានវិលត្រឡប់មកប្រក្រតីភាពឡើងវិញនៅស្ទើរតែទាំងស្រុង។
សិស្សសាលាភូមិន្ទរដ្ឋបាល ដែលបញ្ចប់ការសិក្សាវិជ្ជាជីវៈជាមន្ត្រី និងទទួលសញ្ញាបត្រក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី នាថ្ងៃស្អែកនេះ រួមមាន៖ សិស្ស កម្មសិក្សាការី និងសិក្ខាកាមសរុប ២,៣៨៨នាក់។ សិស្ស កម្មសិក្សាការី និងសិក្ខាកាម ដែលបញ្ចប់ការសិក្សារួមមាន៖ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២០ ចំនួន១០៦នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២០ ចំនួន ១៦៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២០ ចំនួន ៣៩នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២០ ចំនួន ៤៣នាក់, សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ ចំនួន ៩១នាក់, សិស្សមន្ត្រីក្រមការជំនាន់ទី៩ ចំនួន ១២១នាក់, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២១ ចំនួន ១៥១នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២១ ចំនួន ៥៣៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២១ ចំនួន ៩០នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២១ ចំនួន ៨៨នាក់, សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ ចំនួន ៩៣នាក់, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២២ ចំនួន ១៦១នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២២ ចំនួន ៩៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២២ ចំនួន ២៨០នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២២ ចំនួន ២៧នាក់, សិក្ខាកាមវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍វគ្គទី១ ចំនួន ១៤៦នាក់ និងសិក្ខាកាមវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍វគ្គទី២ ចំនួន១៦០នាក់។
សូមរំលឹកថា ចាប់តាំងពីឆ្នាំ១៩៩២ រហូតមកទល់ពេលនេះ សាលាភូមិន្ទរដ្ឋបាល បានបណ្ដុះបណ្ដាលមន្រ្តីរាជការសរុបចំនួន ១៦ ៦០៦អង្គ/នាក់ ដែលមានទាំងវគ្គបណ្ដុះបណ្ដាល ឱ្យឃើញពីផលវិជ្ជមាន និងដំណើរបន្តឆ្ពោះទៅមុខ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការកសាងនិងអភិវឌ្ឍធនធានមនុស្ស សម្រាប់វិស័យសាធារណៈ និងបានសបញ្ជាក់ផងដែរ ពីជំហររបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់ការបណ្ដំបណ្ដាលសមត្ថភាពមន្រ្តីរាជការនៃរាជរដ្ឋាភិបាល ក្នុងមុខតំណែងដឹកនាំ និងគ្រប់គ្រងអង្គភាព នៅគ្រប់កម្រិត៕