ព័ត៌មានជាតិ

ដោះលែង អតីតស្នងការរងខេត្តកណ្តាល ឈ្មោះ ស្រេង សុខា ហៅទ្រី បន្ទាប់ពីជាប់គុក កន្លះថ្ងៃ ពាក់ព័ន្ធនឹងបទល្មើស «ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់ អចលនវត្ថុ ដោយសុចរិត» (Video)

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តកណ្តាល កាលពីព្រលប់ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២២នេះ បានសម្រេច ដោះលែង អតីតស្នងការរងនគរបាលខេត្តកណ្តាល ឈ្មោះ លោក ស្រេង សុខា ហៅទ្រី ភេទ ប្រុស អាយុ៤០ឆ្នាំ ពីពន្ធនាគារ បន្ទាប់ពីបានបញ្ជូនខ្លួនគាត់ ទៅឃុំ នៅក្នុងពន្ធនាគារ ជាបណ្តោះអាសន្ន បានប្រហែលកន្លះថ្ងៃ នោះមក ជាប់ពាក់ព័ន្ធនឹងបទល្មើស ការប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ប្រព្រឹត្ត នៅក្នុងខេត្តកណ្តាល កាលពីឆ្នាំ ២០២១។

មន្ត្រីសាលាដំបូងខេត្តកណ្តាលបានឲ្យដឹងថា ការសម្រេចដោះលែង ជនត្រូវចោទ ឈ្មោះ ស្រេង សុខា ហៅ ទ្រី ខាងលើនេះ ត្រូវបានធ្វើឡើង ដោយយោងទៅតាម ដីកាបង្គាប់បញ្ឈប់អោយតាមចាប់ខ្លួន របស់លោកចៅក្រម គី ឬទ្ធី នៃ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ។

មន្រ្តីតុលាការបានអោយដឹងថា នៅក្នុងរឿងក្តីនេះ ជនត្រូវចោទឈ្មោះ ស្រេង សុខា ហៅ ទ្រី ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» ប្រព្រឹត្តនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ តាមមាត្រា២៥៣នៃច្បាប់ភូមិបាល ។

ឈ្មោះ ស្រេង សុខា ត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ច នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលខេត្តកណ្តាល កាលពីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២២ ដីកាបង្គាប់អោយច្បាប់របស់លោក រស់ ផុនចាន់និមល ជា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ដែលបានចេញកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ៕

ដោយៈ លីហ្សា

To Top